ផ្អែកទៅលើទំនាក់ទំនងការទូតជាមួយគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិនអស់រយៈពេល៦៥ឆ្នាំ បានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ និងបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាជំរុញសកម្មភាពពាណិជ្ជកម្មឱ្យដល់កម្រិតគោលដៅដ៏ប្រសើរមួយ។ពោលនៅក្នុងឆ្នំា២០២៣នេះ កម្ពុជា ចិន បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើសពី១២ពាន់លានដុល្លារអាមេរិក។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងពិធីបើក«ពិព័រណ៍កម្ពុជា-ហុងកុង» កាលថ្ងៃទី១៩ខែសីហាថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១0 កន្លងមក។ចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាង។
លោក រដ្ឋលេខាធិការមានប្រសាសន៍ថា «ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់ សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាង សហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ»។
លោកបន្តថា តាមរយៈគោលនយោបាយវិថីសូត្រខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវ-ត្ស៍ទី២១រដ្ឋាភិបាល នៃប្រទេសយើងទាំង២បានធ្វើកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រួមគ្នាលើវិស័យសំខាន់ៗ ដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព តំបន់សេដ្ឋកិច្ចពិសេស វប្បធម៌ ទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារអេកូបរិស្ថាន។កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
លោកគូសបញ្ជាក់ថា «កត្តាទាំងអស់នេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំង២ កាន់តែរីកចម្រើនមួយកម្រិតទៀត ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិន សម្រេចបានជាង ១១,៦៨៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។
ជាមួយគ្នានេះដែរក្នុងឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងកុង នៃប្រទេសចិន សម្រេចបានជាង ១ពាន់លានដុល្លា ដែលក្នុងនោះកម្ពុជានាំចេញទៅហុងកុងមានជាង១៨២លានដុល្លារ និងនាំចូលពីហុងកុងវិញជាង ៨២៦លានដុល្លារ»៕
អត្ថបទ៖សារេត