ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា កុក អាន ស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឧកញ៉ា កុក អាន កើតឆ្នាំ១៩៥៤ នៅស្រុកស្រែអំបិល ខេត្តកោះកុង។ លោកឧកញ៉ា បានប្រឡូកក្នុងវិស័យជំនួញ តាំងពីទសវត្សឆ្នាំ១៩៨០ ដោយចាប់ផ្តើមមុខជំនួញ ការដោះដូរទំនិញឆ្លងកាត់ព្រំដែន។
លោកឧកញ៉ា ជាស្ថាបនិកក្រុមហ៊ុន អានកូ គ្រុប (Anco Group) ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មានបុត្រសម្ព័ន្ធពហុវិស័យដូចជា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី ទឹកស្អាត សេវាកម្មធនាគារ និងប្រព័ន្ធទូទាត់ប្រាក់ សណ្ឋាគារ កាស៊ីណូ តំបន់កម្សាន្ត និងក្រុមហ៊ុនអាហ័ណ នីហរ័ណ ព្រមទាំងរោងចក្រផលិតការ៉េម និងទឹកសុទ្ធ។ ក្រៅពីអាជីពជាអ្នកជំនួញ និងវិនិយោគ លោកឧកញ៉ាក៏ជាអ្នកគាំទ្រវិស័យកីឡាផងដែរ ជាពិសេសកីឡាបាល់ទាត់។ លោកឧកញ៉ា ជាស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០១ បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានរៀបចំលីគកំពូលឡើងវិញ។
ក្រៅពីកិច្ចការជំនួញ និងការវិនិយោគ អ្នកឧកញ៉ា ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ពីព្រះមហាក្សត្រផងដែរ។
គួរបញ្ជាក់ថា មហាសេដ្ឋី កុក អាន ដែលជាអ្នកជំនួញពហុវិស័យដ៏មានឥទ្ធិពលម្នាក់ក្នុងពិភពជំនួញនៅកម្ពុជា និងជាសមាជិកព្រឹទ្ធសភា បានទទួលគោរមងារ «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ ០១៩៥/០៤ នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៥៕