ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់លោក ទៀ សីហា ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
លោក ទៀ សីហា ជាកូនប្រុសទី២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បច្ចុប្បន្នលោកកាន់តំណែងជាអភិបាលខេត្តសៀមរាប។ លោកបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីស ក្នុងឆ្នាំ២០០១ នៅទីក្រុង បារីសនិងសាលាបណ្ឌិត្យសភាយោធាបារាំង។
លោក ទៀ សីហា អតីតមន្ត្រីកងរាជអាវុធរាជធានីភ្នំពេញ ជាអតីតប្រធានក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីទូទាំងប្រទេស ប្រចាំខេត្តសៀមរាប។ ហើយកាលណោះលោកត្រូវបានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងតាំងធ្វើប្រធាន ស.ស.យ.ក ខេតសៀមរាបផងដែរ។
លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទក្រសួងការពារជាតិ ទទួលការតែងតាំងជាឧត្តមសេនីយ៍ត្រី កាលឆ្នាំ២០១១ ជាឧត្តមសេនីយ៍ទោ ក្នុងឆ្នាំ២០១៤ និងតែងតាំងជាឧត្តមសេនីយ៍ឯកផ្កាយ ៣ កាលពីថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២។ បច្ចុប្បន្ន លោក ទៀ សីហា ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប៕