បេក្ខជនតំណាងបក្សភឿថៃ ជាបេក្ខភាពមួយរូបគត់ ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

អន្តរជាតិ

នៅថ្ងៃទី ២២ ខែសីហា សភាថៃទាំងពីរថ្នាក់ បានបើកកិច្ចប្រជុំជាថ្មី​ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយក្នុងនោះលោក Srettha Thavisin ដែលមកពីគណបក្សភឿថៃ កំពុងឈរឈ្មោះជាបេក្ខភាពតែមួយគត់។ នេះមើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំគណបក្សភឿថៃ លោក Chonlanan Srikaew បានជ្រើសតាំងលោក Srettha ជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់របស់ខ្លួន ទៅកាន់ការបោះឆ្នោតសភា នៅថ្ងៃអង្គារនេះ។ បន្ទាប់មកប្រធានសភា លោក Wan Muhamad Noor Matha ក៏បានសួរទៅកាន់សម័យប្រជុំពាក់ព័ន្ធទៅនឹងការស្នើសុំបេក្ខភាពផ្សេងទៀតដែរ ប៉ុន្តែគ្មានការឆ្លើយតបណាមួយនោះឡើយ ដូច្នេះហើយទើបលោក Wan ប្រកាសថា លោក Srettha ជាបេក្ខភាពតែមួយគត់។

នៅក្នុងការបោះឆ្នោតនេះ លោក Srettha ត្រូវបានរំពឹងខ្ពស់ថា មានឱកាសខ្ពស់ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់​ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ដោយកន្លងមកគណបក្សភឿថៃ បានចងសម្ព័ន្ធមិត្តជាមួយគណបក្សគាំទ្ររបបយោធាជាច្រើន ដែលសុទ្ធសឹងស្ថិតនៅក្នុងរដ្ឋាភិបាលកំពុងកាន់អំណាច។

សម្រាប់ការបោះឆ្នោតសភានេះ លោក Srettha ចាំបាច់ត្រូវតែទទួលបានសំឡេងគាំទ្រលើសពី ៣៧៥អាសន:ជាដាច់ខាត ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ​ ខណ:ការបោះឆ្នោតសភារួមគ្នាមានអាសន:សរុបចំនួន ៧៥០។

ជម្រាបជូនផងដែរថា គណបក្សភឿថៃ បានដឹកនាំបង្កើតក្រុមចម្រុះថ្មី ក្នុងនោះមាន ១១ គណបក្សរួចមកហើយបានចូលរួម ដោយមានអាសន:សរុប ៣១៤ នឹងត្រូវការសំឡេងតែ ៦១ បន្ថែមទៀតនៅក្នុងសភា ដើម្បីគ្រប់គ្រាន់ឱ្យលោក Srettha ក្លាយនាយករដ្ឋមន្ត្រីថ្មី ៕