កាលពីពេលថ្មីៗនេះ លោក Cholnan Srikaew បានប្រកាសថា នឹងលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ បើសិនជាគណបក្សរបស់លោកអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ TheNation។
ការលើកឡើងបែបនេះ ដោយសារកន្លងមកលោកធ្លាប់សន្យាក្ដែងៗថា គណបក្សភឿថៃ នឹងមិនចូលរួមជាមួយគណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath ឡើយ ហើយបើសិនជាចូលរួម នោះលោកនឹងលាលែងពីតំណែងជាប្រធានគណបក្សតែម្ដង។
ប៉ុន្តែកាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ សារព័ត៌មាន Bangkokpost បានចុះផ្សាយថា គណបក្សភឿថៃ បានសម្រេចបង្កើតគណបក្សចម្រុះ ដោយមានការចូលរួមពី ១០គណបក្សផ្សេងទៀត ហើយក្នុងនោះក៏មានគណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath ផងដែរ។
ទាក់ទងនឹងបញ្ហានេះ លោក Cholnan បាននិយាយថា៖ បើសិនជាពួកយើងមិនចូលរួមជាមួយពួកគេ នោះពួកយើងច្បាស់ជាមិនអាចបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមានគណបក្សភឿថៃជាមេដឹកនាំឡើយ។ ខ្ញុំមិនមែនថា ខ្ញុំនឹងមិនលាលែងពីតំណែងទេ ប៉ុន្តែខ្ញុំនឹងធ្វើវា នៅពេលដែលបេសកម្មរបស់ខ្ញុំជាមួយបក្សត្រូវបានបញ្ចប់។ នៅពេលដែលគណបក្សរបស់ខ្ញុំអាចបង្កើតរដ្ឋាភិបាលថ្មីបាន ខ្ញុំនឹងលាលែងពីតំណែងជាផ្លូវការ។
សូមជម្រាបដែរថា បច្ចុប្បន្នការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មីកំពុងដំណើរការ ដោយក្នុងនោះមានបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយរូបគត់គឺ លោក Srettha Thavisin ជាបេក្ខជនតំណាងឲ្យគណបក្សភឿថៃ ដែលមានអាសនៈសរុប ៣១៤ ខណៈមានក្ដីសង្ឃឹមខ្ពស់ថា លោកអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ក្រោយមានការចូលរួមពីគណបក្សគាំទ្រដោយយោធាទាំង ២គឺ គណបក្សថៃរួបរួមជាតិ និងគណបក្ស Palang Pracharath៕