បន្ទាប់ពីការជជែកដេញដោលអស់រយ:ពេលជាច្រើនម៉ោង ទីបំផុត លោក Srettha Thavisin ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសំណាក់សភាទាំងពីរថ្នាក់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Srettha ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យ បានចូលប្រឡូកនៅក្នុងឆាកនយោបាយ ហើយត្រូវបានគណបក្សភឿថៃ ជ្រើសតាំងឱ្យក្លាយជាបេក្ខភាពតែមួយរូបគត់ ក្នុងការឈរឈ្មោះជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ និងបង្កើតរដ្ឋាភិបាលថ្មី ។
យ៉ាងណាមិញ លោក Srettha ទទួលបានសំឡេងគាំទ្រលើសពី ៣៧៦ ពីសមាជិកសភាទាំងពីរ ខណ:ដែលការបោះឆ្នោតកំពុងបន្តធ្វើនៅឡើយ។
ជម្រាបជូនផងដែរថា ក្នុងការបោះឆ្នោតនេះ លោក Srettha ត្រូវបានគេរំពឹងខ្ពស់ថា មានឱកាសខ្ពស់ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរួចទៅហើយ ដោយកន្លងមកគណបក្សភឿថៃ បានចងសម្ព័ន្ធមិត្តជាមួយគណបក្សគាំទ្ររបបយោធាជាច្រើន ដែលសុទ្ធសឹងស្ថិតនៅក្នុងរដ្ឋាភិបាលកំពុងកាន់អំណាច៕