សម្តេចតេជោ ហ៊ុន សែន៖ នាយករដ្ឋមន្រ្តីថ្មីកម្ពុជា-ថៃ ទើបទទួលតំណែងថ្ងៃនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើនទ្វេដង

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ប្រទេសកម្ពុជាទទួលបាននាយករដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ខណៈប្រទេសថៃ ក្រោយជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលចម្រុះជាង១ខែ មកនេះ នៅថ្ងៃរសៀលនេះបានប្រកាសពីការទទួលបាននាយករដ្ឋមន្រ្តីថ្មីផងដែរ គឺលោក Srettha Thavisin ដែលគេស្គាល់ថាជាមនុស្សស្និទនឹងអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទើបចូលស្រុកកាលព្រឹកថ្ងៃអង្គារ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការទទួលបាននាយករដ្ឋមន្រ្តីថ្មីនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ដោយប្រទេសពីរកាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា កម្ពុជា និងថៃ ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។

ក្នុងបណ្តាញសង្គមតេឡក្រាមនាល្ងាចថ្ងៃទី២២ខែសីហា សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ»។

បន្ថែមពីលើនេះសម្តេចតេជោអតីតនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបង្ហាញនូវក្តីសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត៕