លោក នេត សាវឿន ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ឲ្យធ្វើជាឧបនាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងនោះតួនាទីឧបនាយករដ្ឋមន្រ្តី លោក នេត សាវឿន ទទួលបន្ទុកជានាយករដ្ឋមន្រ្តីស្តីទីពេលនាយករដ្ឋមន្រ្តីអវត្តមាន, ជួយនាយករដ្ឋមន្រ្តីលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ, ក្នុងក្របខណ្ឌអន្តរក្រសួងជួយនាយករដ្ឋមន្រ្តីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ និងទទួលសិទ្ធិពីនាយករដ្ឋមន្រ្តីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងពេលនាយករដ្ឋមន្រ្តីអវត្តមាន។
លើសពីនេះ លោក នេត សាវឿន ក៏ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការក្រុមប្រឹក្សាដែលចំណុះឲ្យរាជរដ្ឋាភិបាលតាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្រ្តីប្រគល់ជូន។
មានវ័យ ៦៣ឆ្នាំ លោក នេត សាវឿន គឺជាអតីតអគ្គស្នងការនគរបាលជាតិ នឹងធ្លាប់កាន់តំណែងអគ្គស្នងការរង បន្ទាប់មកឡើងកាន់តំណែងអគ្គស្នងការនគរបាលជាតិ ជំនួសលោក ហុក ឡង់ នៅក្នុងឆ្នាំ២០០៨៕