ឧកញ៉ា កែវ មុំ៖ ម្ចាស់អាជីវកម្ម SME ត្រូវចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែទូលំទូលាយ

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាប្រធានសភាមុខរបរ និង មីក្រូសហគ្រាស-កម្ពុជា (CPMEC) ​​យល់​ឃើញ​ថា ក្នុង​យុគសម័យ​បច្ចេកវិទ្យា​​នា​ពេល​បច្ចុប្បន្ន​នេះ ម្ចាស់​អាជីវកម្ម​​ធន់តូច និង​មធ្យម (SME) ​​ទាំង​អស់ ត្រូវ​តែ​ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែទូលំទូលាយ ដើម្បី​​ឱ្យ​អាជីវកម្ម​របស់​ខ្លួន​កាន់​តែ​រីក​ចម្រើន​លឿន​រហ័ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ផលិតនំស្រួយលីលី រូប​នេះ ​​បាន​​មាន​ប្រសាសន៍ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា បច្ចុប្បន្ន​ជា​​យុគ​សម័យ​បច្ចេកវិទ្យា​ហើយ ដូច្នេះ​រាល់​អាជីវកម្ម​ទាំង​អស់ ​​បើ​សិន​ជា​យើង​ប្រកប​អាជីវកម្ម មិន​មាន​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា យើង​សង្កេត​ឃើញ​ថា​នឹង​មាន​​ផល​ប៉ះពាល់​ច្រើន ជាពិសេស​ក្នុង​អំឡុង​ពេល​​ជំងឺ​​កូវីដ-១៩ កើត​ឡើង ​​ឃើញ​ថា​អាជីវកម្ម​ដែលមិនបាន​ប្រើប្រាស់​បច្ចេកវិទ្យា គឺ​ទទួល​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ទែន។ បើ​អាជីវកម្ម ដែល​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រង​ការ​លក់ដូរ​ នោះ​​ផលប៉ះពាល់​នៅ​មាន​ការ​ទប់ទល់​​ស្ថានភាព​បាន។

លោកស្រីឧកញ៉ា បាន​បន្ថែម​ដូច្នេះ​ថា៖ “សម្រាប់​អាជីវកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ផង​ ការ​លក់​ផ្សព្វផ្សាយ​ទំនិញ​​តាម​អនឡាញ​ទៀត ឃើញ​ថា​ក្នុង​​ស្ថានភាព​កូវីដ-១៩ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មាន​ការ​រីកចម្រើន​លឿន​មែនទែន​តែ​ម្តង។ ដូច្នេះ​យុគសម័យ​នេះ​ ជា​យុគសម័យ​ដែល​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា ធ្វើ​អ្វីក៏​ដោយ​បើ​យើង​មិន​មាន​ប្រើប្រាស់​បច្ចេកវិទ្យា នឹង​មិន​អាច​ជួយ​​យើង​ឱ្យ​មាន​ការ​រីក​ចម្រើន ទោះបី​ការ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ត្រូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា រីឯ​ការ​លក់ដូរ ទោះបី​ផលិត​ផល​យើង​នៅ​ស្រុកខ្មែរ​មែន បើសិន​យើង​អាច​ប្រើ​បច្ចេកវិទ្យា លក់​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​ផ្សេងៗ ក៏​គេ​អាច​ចាប់​អារម្មណ៍​ទូទាំង​ពិភពលោក”។

ឧកញ៉ា កែវ មុំ បាន​គូស​បញ្ជាក់​ទៀត​ថា ជាក់ស្តែង ដូច​ប្រទេស​ចិន ដែល​ប្រើប្រាស់ App ផ្សេងៗ​ក្នុង​ការ​លក់​ទំនិញ នៅ​លើ​អនឡាញ គឺ​មិនមែន​លក់​ត្រឹម​ក្នុង​ប្រទេស​ចិន​នោះ​ទេ គឺ​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក ​បាន​ធ្វើការ​បញ្ជារ​ទិញ​ច្រើន​​ផងដែរ រួម​ទាំង​កម្ពុជា។ ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​កញ្ចប់​តូចៗ មក​ពី​ក្រៅប្រទេស គឺ​តម្លៃ​ធូរ​ថ្លៃ​មែនទែន ដែល​ធ្វើឱ្យ​ការ​នាំចូល​ទំនិញ​មក​កម្ពុជា​កាន់​តែ​ច្រើន។ ដូច្នេះ​​អាជីវកម្ម SME ​ជាឱកាស​ដែល​យើង​ត្រូវ​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យ​កាន់​តែ​ទូលំទូលាយ ដើម្បី​​ឱ្យ​អាជីវកម្ម​រីកចម្រើន​កាន់​តែ​លឿន៕