គណៈរដ្ឋមន្រ្តីនីតិកាលទី៧ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានការកែសម្រួលសមាសភាពគណៈរដ្ឋមន្រ្តីចាស់មួយចំនួន ក្នុងនោះលោក អូន ព័ន្ធមុនីរ័ត្ន ដែលកាន់តួនាទីជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំក្រសួងសេដ្ឋកិច្ចដដែលសម្រាប់អាណត្តិទី៧នេះ។
ក្រៅពីតំណែងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហើយនោះ លោក អូន ព័ន្ធមុនីរ័ត្ន មានតំណែងកំពូលមួយទៀតជាឧបនាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលនៅថ្ងៃទី ២២ ខែសីហាបានសម្រេចកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីសំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ។
តំណែងឧបនាយករដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្រ្តីស្តីទីពេលនាយករដ្ឋមន្រ្តី និងលោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តីលេខរៀងទី១ អវត្តមាន។
បន្ថែមទៀតនោះ លោកនឹងជួយនាយករដ្ឋមន្រ្តីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តមានការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្រ្តីប្រគល់ជូន។
លោក អូន ព័ន្ធមុនីរ័ត្ន បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់តាំងពីរដ្ឋាភិបាលអាណត្តិទី៥ ឆ្នាំ២០១៣ ជំនួសលោក គាត ឈុន ហើយនឹងកាន់តំណែងនេះបន្តទៀត នៅក្នុងរដ្ឋាភិបាលអាណត្តិទី៧។ ចំណែកតួនាទីនៅក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោកជាសមាជិកម្នាក់ក្នុងចំណោម ៣៥នាក់នៃគណៈ អចិន្ត្រៃយ៍ជាស្ថាប័នកំពូលរបស់បក្ស៕