បេក្ខភាពកំពូលៗបីរូប កំពុងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីសិង្ហបុរី

អន្តរជាតិ

នាយកដ្ឋានរៀបចំការបោះឆ្នោតសិង្ហបុរី (ELD) កាលពីថ្ងៃទី ២២ បានបញ្ជាក់ជាផ្លូវការ នូវបេក្ខភាពចំនួនបីរូប ដែលមានសិទ្ធិក្នុងការឈរឈ្មោះជាប្រធានាធិបតីថ្មី របស់ប្រទេសិង្ហបុរី សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ១ ខែកញ្ញា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេក្ខភាពទាំងបីរូបនេះ រួមមានអតីតរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានធនាគារកណ្តាល លោក Tharman Shanmugaratnam វ័យ ៦៦ ឆ្នាំ អតីតប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន GIC​ លោក Ng Kok Song វ័យ ៧៥ ឆ្នាំ និងលោក Tan Kin Lian អតីតនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងខ្នាតយក្សក្នុងស្រុក NTUC Income ដែលមានវ័យ ៧៥ ឆ្នាំ។

បេក្ខជនទាំងបីរូប សុទ្ធសឹងតែមានវត្តមាននៅទីស្នាក់ការសមាគមប្រជាជន (PA) ដើម្បីដាក់ឯកសារបេក្ខភាព កាលពីព្រឹកថ្ងៃទី២២ ខែសីហា។ ហើយបន្ទាប់មកបេក្ខភាពប្រធានាធិបតី អាចបើកយុទ្ធនាការឃោសនាបោះឆ្នោតបាន ចាប់ពីថ្ងៃទី ២២ ដល់ ៣០ ខែសីហា ។

គួរឱ្យដឹងផងដែរថា សម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ប្រទេសសិង្ហបុរី តម្រូវឱ្យបេក្ខភាពប្រធានាធិបតី ត្រូវតែជាអ្នកធ្លាប់បម្រើការជាមន្ត្រីជាន់ខ្ពស់ ឬជានាយកប្រតិបត្តិនៃក្រុមហ៊ុនណាមួយ ដែលកាន់កាប់ភាគហ៊ុនក្នុងនោះ យ៉ាងហោចណាស់ ៥០០លានដុល្លារសិង្ហបុរី (៣៧០លានដុល្លារ) និងត្រូវតែមិនមែនជាសមាជិករបស់គណបក្សនយោបាយណាមួយនោះឡើយ។

ជម្រាបជូនផងដែរថា អ្នកបោះឆ្នោតជាង ២,៧ លាននាក់ នឹងទៅបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា ដើម្បីជ្រើសរើសប្រធានាធិបតីទី ៩ របស់ប្រទេសិង្ហបុរី ខណ:ពេលដែលប្រធានាធិបតីបច្ចុប្បន្ន គឺលោកស្រី Halimah Yacob នឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួន នៅថ្ងៃទី ១៣ ខែកញ្ញា ៕