រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្មីដែលទើបឡើងកាន់តំណែងជំនួសលោកបណ្ឌិត អ៊ិតសំហេង បានចុះមើលសកម្មភាពផលិតស្បែកនៅរោងចក្រមួយកន្លែងតាមបណ្តោផ្លូវវេងស្រេងដែលមានកម្មករនិយោជិតសរុបជាង៣ពាន់នាក់។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកនៅថ្ងៃនេះថា ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង ដែលបច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង ៣ពាន់នាក់ ក្នុងនោះមានបងប្អូនកម្មការិនី ដែលកំពុងមានផ្ទៃពោះចំនួន ១៦០នាក់ និងជនដែលមានពិការភាពចំនួន ៤៣នាក់។
លោកលើកឡើងថា បងប្អូនកម្មករនិយោជិតនៅទីនេះធ្លាប់ជួបជាមួយ សម្តេចពុក ហ៊ុន សែន កាលពីឆ្នាំ ២០១៨ ហើយបងប្អូនដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។
លោកបន្តថា«បងប្អូនដែលខ្ញុំបានជួប គឺនឹករឭកដល់សម្តេចពុក ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចពុកបានចុះជួបបងប្អូនកម្មករនាពេលកន្លងទៅ។ បងប្អូនក៏រំពឹងថានឹងបានជួបបងប្រុស ហ៊ុន ម៉ាណែត ដ៏ស្វាហាប់ ម៉ឺងម៉ាត់ និងមានជ័យរបស់គេក្នុងពេលឆាប់ៗនេះផងដែរ»។
បើយោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក ហេង សួរ ក្រៅពីចុះពិនិត្យមើលការផលិតស្បែកជើង ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូនឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង។ខណៈនៅរោងចក្រនេះ មានសហជីពមូលដ្ឋាន រហូតដល់ទៅជាង ២០សហជីព។ ទំនាក់ទំនងរវាង សហជីពមូលដ្ឋាននិងអ្នកគ្រប់គ្រងគឺអាចចរចានិងដោះស្រាយការងារជាមួយគ្នាបាន៕ អត្ថបទ៖សារេត