ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន២រូប នៃក្រសួងមហាផ្ទៃ គឺលោក ស រដ្ឋា និងលោក ជួន ណារិន្ទ។
នៅក្នុងអនុក្រឹត្យចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ កូនប្រុសពៅសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺឧត្តមសេនីយ៍ឯក ស រដ្ឋា ត្រូវបានផ្ទេរពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ស រដ្ឋា បច្ចុប្បន្នក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តបាត់ដំបងផងដែរ។
ក្នុងអនុក្រឹត្យដដែល ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានផ្ទេរចេញពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អតីតប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌកាលពីឆ្នាំ២០១៤ និងជាប្រធានក្លិបអគ្គស្នងការរដ្ឋាននគរបាលជាតិ។
នៅឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តព្រះសីហនុ អស់រយៈពេល ៩ឆ្នាំទម្រាំទទួលការតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ៕