អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាប្រធានអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីល្ងាចថ្ងៃទី២២ សីហា បានរៀបចំកម្មវិធីអបអរសាទរ និងជូនពរដោយផ្ទាល់ ជូន លោកឧកញ៉ា អុឹង ឆៃងួន អគ្គនាយកទូរទស្សន៍ ហង្សមាស HDTV ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» ។
ថ្លែងក្នុងកម្មវិធីជួបជុំជប់លៀងអាហារពេលល្ងាចដ៏សែនមនោរម្យ នៅភោជនីយដ្ឋានក្រោមដីដ៏ទំនើប Metropol Underground នៃសណ្ឋាគារ ហៃយ៉ាត់ ភ្នំពេញ រីជិនសុី អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖ “ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ លោកឧកញ៉ា ដែលព្រះមហាក្សត្រ ព្រះរាជទានគោរមងារ «អ្នកឧកញ៉ា» កាលពីពេលថ្មីៗកន្លងទៅនេះ ។ ហើយក្នុងនាមខ្ញុំផ្ទាល់ ជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ខ្ញុំយល់ឃើញថា គោរមងារជា «អ្នកឧកញ៉ា» ជូនលោកឧកញ៉ា គឺពិតជាស័ក្តិសមបំផុត ហើយនេះក៏ជាសក្ខីភាព បង្ហាញពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត របស់អ្នកឧកញ៉ា ក្នុងបុព្វហេតុចូលរួមជួយសង្គមជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន តាមរយៈការដឹកនាំ ទូរទស្សន៍ ហង្សមាស អស់រយៈពេលជាច្រើនឆ្នាំកន្លងមក” ។
កម្មវិធីជួបជុំរវាងថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំបំផុតកម្មវិធី The Voice Cambodia ទាំង ៣រដូវកាល ជាមួយថ្នាក់ដឹកនាំកំពូល និងបុគ្គលិកទូរទស្សន៍ ហង្សមាស នាល្ងាចនោះ ក៏មានការចូលរួមពីគ្រូបង្វឹក (Coach) ដ៏មានប្រជាប្រិយទាំង ៤រូប របស់កម្មវិធី The Voice Cambodia និងបេក្ខជនឆ្នើម ទាំង ២៤រូប ដែលកំពុងត្រៀមខ្លួនបញ្ចេញសមត្ថភាពឡើងទៅវគ្គ Live Show នាពេលឆាប់ៗខាងមុខផងដែរ ។
តាមរយៈការចាប់ដៃសហការគ្នារវាង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងទូរទស្សន៍ ហង្សមាស HDTV ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣នេះ បូករួមទាំងបេក្ខជន ដែលសិល្បកររលកក្រោយ ពោពេញដោយទេពកោសល្យ ថ្នាក់ដឹកនាំក្រុមហ៊ុនទាំង២ សង្ឃឹមយ៉ាងមុតមាំថា បេក្ខជនទាំង ២៤រូប នឹងបន្តបញ្ចេញសមត្ថភាព អង្រួនឆាក The Voice Cambodia និងឆក់យកបេះដូងអ្នកគាំទ្រទូទាំងប្រទេសកម្ពុជា ជាក់ជាមិនខាន៕