ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ជៀម ផែន ស្ថាបនិកក្រុមហ៊ុន ស៊ីភី&អេ ត្រេឌីង អ៊ីនធើណេសិនណល ( CP & A Trading International Co., Ltd) ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។
លោកឧកញ៉ា ជៀម ផែន កើតឆ្នាំ១៩៦០ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ជាស្ថាបនិកក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផលមួយចំនួន ក្នុងនោះរួមមានទាំងស្រាបៀរលីអូ (LEO Beer) របស់ថៃ និងស្រាជីនរ៉ូ (Jinro) របស់កូរ៉េ ផងដែរ។ ក្រុមហ៊ុនរបស់លោកឧកញ៉ា ជាក្រុមហ៊ុននាំមុខគេមួយក្នុងប្រទេសកម្ពុជា មានបទពិសោធន៍ជាង ៣៥ឆ្នាំ ក្នុងការនាំចូល និងចែកចាយនូវភេសជ្ជៈ ទឹកផ្លែឈើ ស្រាបៀ និងសម្ភារៈប្រើប្រាស់ច្រើនប្រភេទក្នុងទីផ្សារកម្ពុជា។ លើសពីនេះ លោកឧកញ៉ា ក៏បានវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាសណ្ឋាគារ និងសេវាកម្សាន្តផងដែរ។
លោកឧកញ៉ា ជៀម ផែន សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា បានបង្កើតក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ជាផ្លូវការ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ និងមានទីស្នាក់ការកណ្តាលនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឱ្យក្រុមហ៊ុន មានដំណើរការល្អ លោកឧកញ៉ា ជៀម ផែន ក៏មានបងប្អូនរបស់លោក២រូបទៀត ជួយគ្រប់គ្រងដឹកនាំក្រុមហ៊ុនផងដែរ គឺ លោក ជៀម ហេង និងលោក ជៀម ស៊្រុន ដែលមានតួនាទីជាអគ្គនាយកក្រុមហ៊ុន។
អ្នកឧកញ៉ា ជៀម ផែន តែងតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយសជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕