ដូងក្រអូប ជាដំណាំហូបផ្លែមួយដែលមានការពេញនិយមខ្លាំងពីអ្នកចូលចិត្តទទួលទាន ហើយគេសង្កេតឃើញថា នៅតែមានទីផ្សារល្អផងដែរ ខណៈការផ្គត់ផ្គង់ក្នុងស្រុកនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។
ម្ចាស់ចំការដូងក្រអូប Daling Farm នៅក្នុងខេត្តបាត់ដំបង កញ្ញា សុខ ចិន្តា បានឱ្យដឹងថា តម្លៃផ្លែដូង និងពូជដូងក្រអូប មានការហក់ឡើងខ្លាំង ខណៈការផ្គត់ផ្គង់នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារនៅឡើយ ចំណែកការកម្ម៉ង់ទិញវិញ មានតែការកើនឡើងជាលំដាប់់ ដោយត្រឹមតែផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកសឹងមិនគ្រប់លើការកម្ម៉ង់ផង។
កញ្ញា សុខ ចិន្តា បន្ថែមទៀតថា ចំពោះចំការដូងក្រអូបកញ្ញាមិនទាន់អាចផ្គត់ផ្គត់លើទីផ្សារក្នុងស្រុកបាននៅឡើយទេ ខណៈបច្ចុប្បន្ន ដូងក្រអូបកញ្ញានាំចូលក្នុងទីផ្សារម៉ាក្រូ ១ខែ៤ដង ទាំង៣សាខា ( សៀមរាប ជ្រោយចង្វា សែនសុខ)ក្នុងមួយដងប្រមាណ១ពាន់ ទៅ២ពាន់ផ្លែ។កញ្ញា បន្តថា ដោយមានការគាំទ្រកាន់តែច្រើន ថ្ងៃអនាគតម៉ាក្រូអាចមានតម្រូវការដូងក្រអូបរហូតដល់ ១ម៉ឺនផ្លែ នៅក្នុងមួយខែ។
បើតាមកញ្ញា សុខ ចិន្តា «ថ្ងៃអនាគតមិនដឹងទីផ្សារយ៉ាងណាទេ ប៉ុន្តែបច្ចុប្បន្ន លក់តែក្នុងប្រទេសមិនទាន់គ្រប់ផង នៅតែមានការនាំចូលពីខាងក្រៅប្រទេសនៅឡើយ ដូចជាប្រទេសថៃ ប្រទេសវៀតណាមជាដើម។នេះដោយសារយើងអត់ទាន់ដាំខ្លួនឯងបានច្រើន នៅខ្វះបច្ចេកទេសច្រើន ខ្មែរយើងនៅស្ទើរក្នុងការវេចខ្ចប់ ហើយស្ទើរក្នុងការដឹកជញ្ជូននៅពេលការវេចខ្ចប់រួចរាល់ លើសពីនោះ ក៏មានបញ្ហាមួយទៀត គឺយើងនៅស្ទើរបច្ចេកទេសក្នុងការដាំឱ្យបានផ្លែច្រើន»។
ម្ចាស់ចំការខាងលើ បានបន្ថែមថា ទោះជាយ៉ាងណា ដូងក្រអូបនៅតែមានទីផ្សារល្អ មិនថារដូវកាលណា ខែណានោះទេ ដូងក្រអូបនៅតែជាតម្រូវការរបស់ប្រជាជនទូទាំងប្រទេស ព្រោះដូងក្រអូបជាប្រភេទដំណាំប្រមូលផលរង្វិលជុំ ណាមួយវាមានរសជាតិផ្អែមឆ្ងាញ់ មានក្លិនក្រអូប អាចញ៉ាំបានគ្រប់វ័យ ហើយវាល្អសម្រាប់សុខភាព និងអាចច្នៃបានជាផលិតផលជាច្រើនបែប ដូច្នេះហើយតម្រូវការដូងក្រអូបនៅតែកើនឡើងជាលំដាប់ និងមានសន្ទុះកាន់តែខ្លាំង។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ ក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន (GACC) បានបើកកិច្ចប្រជុំ និងចុះវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជា ដើម្បីឈានដល់ការរៀបចំ និងការចុះហត្ថលេខាលើពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ ពីកម្ពុជាទៅកាន់ប្រទេសចិន។
ពាក់ព័ន្ធនឹងការនាំចេញនេះ បើតាមលោក សួង ណយ ប្រធានសមាគមដូងក្រអូបកម្ពុជា និយាយថា ទីផ្សារដូងក្រអូបនៅកម្ពុជាល្អ មានការគាំទ្រច្រើន។បើសិនជាប្រទេសជិតខាងឬក៏ប្រទេសឆ្ងាយអនុញ្ញាតឱ្យមានការនាំចេញផលិតផលខ្មែរជាពិសេសដូងក្រអូបគឺជារឿងល្អ ប៉ុន្តែអ្វីជាបញ្ហានោះគឺខ្លាចមិនមានដូងនាំទៅ ដោយសារបច្ចុប្បន្នខ្មែរយើងមិនមានដូងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកខ្មែរទេ។
លោកបន្តថា សព្វថ្ងៃនេះជាពិសេសដូង មានការនាំចូលពីប្រទេសថៃ ប្រទេសវៀតណាមមិនតិចជាង៧០%ទេ។លោក បន្ថែមថា ប្រហែលជាឆ្នាំ២០២៥ ទើបខ្មែរមានដូងច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារខ្លួនឯង និងអាចនាំចេញទៅក្រៅប្រទេសខ្លះៗ៕