មិនធ្លាប់មាន! ខែសីហាឆ្នាំ២០២៣ ផ្តល់គោរមងារ«ឧកញ៉ា អ្នកឧកញ៉ា» ជូនដល់សប្បុរសជនច្រើនសន្ធឹកសន្ធាប់

ជុំវិញ​ឧកញ៉ា

គោរមងារ«ឧកញ៉ា និងអ្នកឧកញ៉ា» ត្រូវបានព្រះមហាក្សត្រ ផ្តល់ជូនដល់អ្នកជំនួញ សប្បុរសជនដើម្បីលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រពលរដ្ឋខ្មែរដែលមានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍនិងកសាងជាតិ តាមសំណើររបស់នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ អង្គព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា និងអ្នកឧកញ៉ា ប្រមាណ​ជាង​ ១,៣០០នាក់ហើយ។ ជាការកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ គោរមងារឧកញ៉ាអ្នកឧកញ៉ា ក៏ត្រូវបានផ្តល់ជូនអ្នកជំនួញ សប្បុរសជនជាច្រើនជាបន្តបន្ទាប់មានទាំងវ័យក្មេង វ័យកណ្តាល និងវ័យចំណាស់ទៅតាមកម្រិតលុយដែលបានផ្តល់វិភាគទានជូនរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍជាតិ។

សម្រាប់ខែសីហានេះវិញ ដែលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឈាននឹងចូលខែថ្មីទៅហើយ ប៉ុន្តែព្រះរាជក្រឹត្យផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ាធ្លាក់មកជាបន្តបន្ទាប់ដែលជាចំនួនដល់ច្រើនមិនធ្លាប់មាន។

បើតាមព្រះរាជក្រឹត្យដែលគេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ ទទួលបានមានសប្បុរសជន និងអ្នកជំនួញដែលផ្តល់វិភាគទានថវិកា ទ្រព្យធនធានចូលរដ្ឋហើយត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្នើសុំព្រះមហាក្សត្រផ្តល់គោរមងារ «ឧកញ៉ា និងអ្នកឧកញ៉ា» មានប្រមាណ ៤០រូបទៅហើយ។

ក្នុងនោះជាការកត់សម្គាល់បន្ថែមទៀតនោះ ឃើញថាមានសប្បុរសជន និងអ្នកជំនួញទទួលបានគោរមងារអ្នកឧកញ៉ាភាគច្រើន ខណៈមានចំនួនច្រើនជាអ្នកជំនួញចាស់ៗឈរជើងរាប់សិបឆ្នាំមកហើយក្នុងពិភពជំនួញប្រទេសកម្ពុជា។

ជុំវិញរឿងនេះ អ្នកជំនាញយល់ឃើញ​ថា ការកើនឡើងចំនួនឧកញ៉ា និង​អ្នកឧកញ៉ា​នា​ពេល​បច្ចុប្បន្ន​​នេះ​ អាចជារឿងល្អផង និងអាច​មិនល្អផង។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ​ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភា​កម្ពុជា បាន​លើកឡើង​ថា «ចំណុចល្អ យើងដឹងហើយថា អ្នកឧកញ៉ា ឧកញ៉ា ដែលទទួលបានងារ គឺទី១ ពួកគាត់​បាន​រួម​ចំណែក​ជួយ​ស្ថាបនា​ជាតិ​​តាម​រយៈ​ការ​បរិច្ចាគ​​​ថវិកា​ផ្ទាល់​ខ្លួន។ ទី២ បង្ហាញ​ថា​អ្នកមាន​នៅ​ស្រុកខ្មែរ​យើង ​មាន​ចំនួន​ច្រើន ព្រោះ​លុយ​ដែល​បាន​បរិច្ចាគ​សម្រាប់ងារ​ជា​ឧកញ៉ា ឬ​អ្នកឧកញ៉ា មិនមែន​តិច​នោះ​ទេ។ ចំណុច​មួយ​ទៀត អ្នកខ្លះ​មាន​ដែរ ប៉ុន្តែ​ពួកគេ​​មិន​យក​ងារ​​​​នេះ​ទេ ដែល​នេះ​បង្ហាញ​ថា អ្នកមាន​ដែល​ព្រម​បរិច្ចាគ​ មានន័យ​ថា ពួកគាត់​មាន​សទ្ធា ចង់​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ជាតិ»។

លោកបណ្ឌិតបន្ត​ថា ដូច្នេះ​ផ្នែកវិជ្ជមាន យើង​អាច​ទាញ​បាន​ច្រើន ព្រោះ​ជា​ធម្មតា កាល​ណា​បាន​ងារ​ជា​ឧកញ៉ា​ហើយ ក្រៅ​តែ​ពី​ការ​បរិច្ចាគ​​​ថវិកា​ ដើម្បី​បាន​ងារ​ហើយ ក៏​នៅ​មាន​ការ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ទៀត នៅ​ពេល​ដែល​មានការ​អំពាវនាវ​ពី​រាជរដ្ឋាភិបាល។ នេះ​មានន័យ​ថា អ្នកឧកញ៉ា ឧកញ៉ា សុទ្ធ​តែ​ជា​អ្នក​ព្រម​បរិច្ចាគ​ ព្រម​លះបង់​​នូវ​ធនធាន និង​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន ជួយ​ដល់​សង្គម​ជាតិ។

ផ្ទុយ​ទៅ​វិញ លោក​បណ្ឌិត​​យល់​ថា ចំណុច​អាច​ជា​រឿង​មិន​ល្អគឺ ធម្មតា​កាល​ណា​ចំនួន​កាន់តែ​ច្រើន ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​មួយ​​ច្បាស់លាស់។ បើ​គ្រប់គ្រង​មិន​ច្បាស់លាស់​ទេ អាច​មាន​បុគ្គល​ខ្លះ​យក​ងារ​ឧកញ៉ា​ទៅ​ប្រើប្រាស់​ផ្តេសផ្តាស ​អាច​ខូច​​​កេរ្តិ៍​ឈ្មោះ​ដល់​ឧកញ៉ា​ដទៃ​ទៀត ហើយ​វា​ជះ​ឥទ្ធិពល​ទៀត កាលណា​ពួកគាត់​យក​ងារ​ឧកញ៉ា​ទៅ​ប្រើ​នៅ​កន្លែង​ណា ​​ដែល​ធ្វើ​អ្វី​មួយ​មិន​ល្អ។ ឧទាហរណ៍ ទាក់ទង​ការ​រំលោភ​ដី​ធ្លី ព្រៃឈើ ឬ​ការ​ប្រព្រឹត្ត​រឿង​ផ្ទាល់ខ្លួន​ដូចជា រឿង​ស្រី ឬ​រឿង​ហិង្សា​ក្នុង​គ្រួសារ ក៏​ជះ​ឥទ្ធិពល​មក​ដល់​ក្រុម​ឧកញ៉ា​ទាំង​អស់​ដែរ។ បើ​គ្មាន​ច្បាប់​គ្រប់គ្រង​ឧកញ៉ា​ទេ ឧកញ៉ា​មួយ​ចំនួន​តូច អាច​នឹង​នាំ​ឱ្យ​ខូច​ឈ្មោះ​​ដល់​​ឧកញ៉ា​​ល្អៗ​ជា​ច្រើន​ទៀត។ ឧកញ៉ា​នៅ​ស្រុកខ្មែរ​បច្ចុប្បន្ន​មានចំនួនច្រើន​ ប៉ុន្តែ​បើ​មាន​ឧកញ៉ា​ពីរបី​នាក់​ធ្វើ​ឱ្យ​ខូចឈ្មោះ​​ឧកញ៉ា​ទាំង​អស់ វា​ជា​រឿង​​​ដែល​យើង​មិន​គួរ​ឱ្យ​កើត​មាន​ទេ។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្ដីពី​គោរមងារឧកញ៉ា ដែលមាន១០ជំពូក ២៥មាត្រា និងមានចំនួន១២ទំព័រ ដែលមានកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ព្រមទាំងកំណត់អំពីឯកសណ្ឋាន សញ្ញាស័ក្តិ សញ្ញាសម្គាល់ និងបន្តោងខ្សែក ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរទំនៀមទម្លាប់ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ត្រូវបានព្រះមហាក្សត្រ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣៕