ក្នុងអាណត្តិដឹកនាំរបស់លោក ស៊ុន ចាន់ថុល ត្រូវបានគេមើលឃើញថា លោកបានបន្សល់ទុកនូវសមិទ្ធផលជាច្រើនអនេកក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងភស្តុភារកម្ម។
សម្រាប់គណៈរដ្ឋមន្រ្តីថ្មីនៃរដ្ឋសភានីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបែងចែកការងារ និងចាត់ភារកិច្ចឲ្យលោក ស៊ុន ចាន់ថុល ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុកជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បន្ថែមទៀតនោះ លោក ស៊ុន ចាន់ថុល ក៍នឹងជួយនាយករដ្ឋមន្ត្រីលើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
លោក ស៊ុន ចាន់ថុល ធ្លាប់ជាមន្រ្តីគណបក្សហ្វុនហ្វិនប៊ិច អតីតទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាមន្រ្តីដ៏សកម្មមួយរូបក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជារដ្ឋមន្រ្តីសាធារណការជិត២អាណតិ្ត បន្តពីលោក ត្រាំ អ៊ីវតឹក មកកាន់រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ស៊ុន ចាន់ថុល ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បន្តពីលោក ចម ប្រសិដ្ឋ ដែលទៅកាន់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕