ទូតឥណ្ឌា៖ សូមសម្លឹងមើលកម្ពុជាជាដៃគូពាណិជ្ជកម្មក្នុងការត្រួសត្រាយផ្លូវធ្វើពាណិជ្ជកម្មនៅតំបន់អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អ្នកស្រី Devyani Khobragade បានអំពាវនាវឲ្យវិនិយោគិនឥណ្ឌាចាប់យកឱកាសវិនិយោគនៅកម្ពុជា ដោយលោកស្រីមើលឃើញពីសក្តានុពលផលចំណេញនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី Devyani បាននិយាយថា៖ «ខ្ញុំសុំឲ្យអ្នកវិនិយោគិន ងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអត្ថប្រយោជន៍នៃការធ្វើពាណិជ្ជកម្មដែលរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា កំពុងលើកកំពស់។ នៅទីនេះ (ប្រទេសកម្ពុជា) នឹងមានស្ថេរភាព ១០០% ហើយស្ថានភាពនយោបាយ និងការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម គឺមានស្ថេរភាពពេញលេញថែមទៀត»។

អ្នកស្រីក៏បានលើកឡើងដែរថា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំង២ កំពុងមានការរីកចម្រើន ដែលធ្វើឲ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏មានការរីកលូតលាស់ខ្លាំងដូចគ្នា។

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតឥណ្ឌារូបនេះ ក៏បានសំណូមពរកុំឲ្យវិនិយោគិនឥណ្ឌាគិតថា កម្ពុជាជាប្រទេសតូច ដែលមានប្រជាជន ១៧លាននាក់ តែសូមសម្លឹងមើលកម្ពុជាជាដៃគូពាណិជ្ជកម្ម និងជាមិត្តជិតស្និទ្ធ ក្នុងការត្រួសត្រាយផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មនៅតំបន់អាស៊ាន។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ឥណ្ឌាគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី១៨ របស់កម្ពុជា ខណៈការនាំចេញ ទៅកាន់ឥណ្ឌាក្នុងរយៈពេល ៤ខែដំបូង នៃឆ្នាំ២០២៣ មានការកើនឡើង ៦៤,២% ប្រមាណ ៩១,៥លានដុល្លារ៕