កសិដ្ឋានចង្រិតស្ពាន់ ដែលមានចម្ងាយប្រមាណជាង១៨គីឡូម៉ែត្រពីក្រុងសៀមរាប បានក្លាយជាកន្លែងចិញ្ចឹមចង្រិតរាប់លានក្បាល សម្រាប់ដាក់លក់ដល់អតិថិជនដែលនិយមទទួលទានចង្រិត។ផ្ទះចិញ្ចឹមចង្រិតនេះ ក៏ជាកន្លែងមួយដែលទាក់ទាញអតិថិជនទាំងនៅក្នុងស្រុក និងក្រៅស្រុក អំឡុងពេលពួកគេមកកម្សាន្តនៅខេត្តសៀមរាបផងដែរ។
អតីតមគ្គទេសចរណ៍ផ្នែកភាសាបារាំងខេត្តសៀមរាប លោក វង្ស សាវុទ្ធ បច្ចុប្បន្នជាម្ចាស់កសិកដ្ឋានចង្រិតស្ពាន់ បានឱ្យដឹងថា កសិដ្ឋានចង្រិតស្ពាន់ បានចាប់ផ្តើមតាំងពីបរិបទកូវីដមកម៉្លេះ ដោយគិតមកទល់ពេលនេះ មានរយៈពេលជិត៣ឆ្នាំមកហើយ។ការបង្កើតកសិដ្ឋានរបស់លោក មាន៣ដំណាក់កាល ដោយឆ្នាំទី១ចិញ្ចឹមជាលក្ខណៈគ្រួសារសាមញ្ញ ឆ្នាំទី២ ចាប់ផ្តើមចិញ្ចឹមលក្ខណៈប្រកបអាជីវកម្ម រហូតមកដល់បច្ចុប្បន្ននេះ។
លោក វង្ស សាវុទ្ធ បានបន្តថា កាលពីចាប់ផ្តើមដំបូង ចិញ្ចឹមជាលក្ខណៈគ្រួសារត្រឹមតែ១០ ទៅ១៥ទ្រុងសិនប៉ុណ្ណោះ ប៉ុន្តែដោយមានការគាំទ្រពីអតិជន បងប្អូនក្នុងស្រុកជម្រុញឱ្យលោកហ៊ានរហូតទៅដល់ ចិញ្ចឹមលក្ខណៈអាជីវកម្មខ្នាតតូច ពី៥០ទៅ៦០ទ្រុង នាពេលបច្ចុប្បន្ន។លោក បន្ថែមថា ចង្រិតនៅកសិដ្ឋានរបស់លោក មាន៣ប្រភេទ ដូចជាចង្រិតស ចង្រិតក្រហម និងចង្រិតខ្មៅ។ក្នុងនោះ ចង្រិតក្រហម និងខ្មៅ មានតម្លៃ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម សម្រាប់ចង្រិតឆៅ ដែលបកសំបកស្អាត។ បើបំពងជូនអតិថិជនមានតម្លៃ៥៥០០០រៀល ក្នុងមួយគីឡូក្រាម។សម្រាប់ចង្រិតស ដែលសម្អាតហើយ មានតម្លៃ៥ ៥០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ឆៅ បើឆ្អិន ក្នុងមួយគីឡូ មានតម្លៃ១០ម៉ឺនរៀល។ហើយតម្លៃនេះថេរទាំងនៅក្នុងស្រុក និងក្រៅស្រុក។
បើតាមម្ចាស់កសិដ្ឋានរូបនេះ «ចង្រិតក្នុងកសិដ្ឋានរបស់លោក មានតម្លៃថ្លៃជាងគេបន្តិចតែអាចទទួលយកបាន ហើយតម្លៃនេះថេរសម្រាប់ទីផ្សារក្រៅស្រុក និងក្នុងស្រុក។ហើយក៏ធ្លាប់ និងកំពុងផ្ញើចេញទៅក្រៅប្រទេសមួយចំនួនផងដែររួមមាន ប្រទេសបារាំង ប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក និងសាំងហ្គាពួរ។ដែលការទិញនេះ គឺសម្រាប់ជនបរទេសមកលេងនៅកម្ពុជាហើយចាប់អារម្មណ៍ ក៏ទិញយកទៅជាមួយប៉ុណ្ណោះ បើការវេចខ្ចប់លក់ទៅក្រៅប្រទេស យើងមិនទាន់មានទេ»។
លោក វង្ស សាវុទ្ធ បានឱ្យដឹងបន្ថែមថា កសិដ្ឋានចង្រិតលោក មានការគាំទ្រពីអតិថិជនច្រើនទាំងនៅក្នុងស្រុក និងក្រៅស្រុក ព្រោះចង្រិតរបស់លោកគិតពីគុណភាព អនាម័យជាចម្បង ដោយមានការជ្រើសរើសប្រភេទចង្រិតលេខ១ ជាប្រភេទចង្រិតមានពង។ម្យ៉ាង ចង្រិតកសិដ្ឋានរបស់លោក ចិញ្ចឹមដោយមានការយកចិត្តទុកដាក់បំផុត ប្រើប្រាស់ចំណីធម្មជាតិមានដូចជា ល្ពៅ ល្ហុង តាសក់ ត្រលាច កន្ទក់ ពោត ដំឡូងមីជាដើម វាជាចំណីពិសេសដែលមានប្រតេអ៊ីនខ្ពស់សម្រាប់ចង្រិត។កត្តានៃការចិញ្ចឹមធម្មជាតិ ជាមួយការសម្រិតសម្រាំងយកប្រភេទចង្រិតល្អ មានការសម្អាតឱ្យស្អាត ចង្អិនដោយមានអនាម័យខ្ពស់ ប្រើប្រាស់ប្រភេទខ្លាញ់ដែលល្អ មិនប៉ះពាល់ដល់សុខភាព។ទាំងនេះ ជាការទាក់ទាញចិត្តអតិថិជនកាន់តែច្រើនឡើងៗ។
លោកបន្តថា អត្ថប្រយោជន៍របស់ចង្រិតគឺមើលឃើញថា មានប្រូតេអ៊ីនខ្ពស់ អាចជំនួសសាច់បាន ហើយចង្រិតជាអាហារមួយជួយដល់សុខភាព ក្នុងចង្រិតមានជាតិ Fiber ជាពិសេសសម្រាប់អ្នកហាត់ប្រាណ ស្ត្រីមានបញ្ហាសុខភាព បញ្ហាទល់លាមក វាអាចជួយដោះស្រាយបាន។ចង្រិត ក៏ជាអាហារក្លែបផងដែរ ដែលកំពុងពេញនិយម មានវីតាមីន B វីតាមីនC ផងដែរ។
ប៉ុន្តែយ៉ាងណា ការចិញ្ចឹមចង្រិតនេះ ក៏មានបញ្ហាប្រឈមផងដែរ ដោយលោក លើកឡើងថា ការលក់ក្នុងតម្លៃថ្លៃបន្តិចដំបូង មានការពិបាកក្នុងការទាក់ទាញអតិថិជន។ទី២ គេគិតថាយើងលក់ខ្វះអនាម័យ ដំបូងៗទម្រាំតែពជ្រៀបចូល ផ្លាស់ប្តូរឱ្យគាត់គិតឡើងវិញ៕