ឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញឧទ្ធម្ភាគចក្រ ប្រភេទដឹកជញ្ជូនចំនួន ២៤ គ្រឿងបន្ថែម ពីក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin (LMT.N) ដើម្បីពង្រឹងលើវិស័យយោធារបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ចំពោះកិច្ចព្រមព្រៀងចុងក្រោយ ដែលបានចុះហត្ថលេខាដោយក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី Dirgantara Indonesia និងក្រុមហ៊ុនអាមេរិក Lockheed Martin នេះ គឺសម្រាប់ឧទ្ធម្ភាគចក្រប្រភេទ Sikorsky S-70M Black Hawk GFA ដែលក្រុមហ៊ុនអះអាងថាត្រូវបានប្រើជាទូទៅដើម្បីបញ្ជូន និងជម្លៀសកងទ័ព ។
លោក Prabowo Sudianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បាននិយាយថា ការបញ្ជាទិញនេះ អាចបង្កើនកម្លាំងយោធារបស់ឥណ្ឌូនេស៊ីបន្ថែមទៀត ស្របពេលលោកមិនបានផ្តល់ព័ត៌មានលម្អិតណាមួយ ទាក់ទងជាមួយនឹងតម្លៃនៃកិច្ចព្រមព្រៀងនេះ នោះឡើយ។
ជម្រាបជូនថា ឥណ្ឌូនេស៊ី បានបង្កើនការចំណាយរបស់ខ្លួនទៅលើវិស័យការពារជាតិ ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដូចជាការទិញចូលយន្តហោះប្រភេទ F-16 ផលិតដោយសហរដ្ឋអាមេរិក និងយន្តហោះចម្បាំងប្រភេទ Sukhoi Su-27 និង Su-30 របស់ប្រទេសរុស្ស៊ី ខណ:កាលពីដើមខែនេះ ពួកគេក៏បានទិញយន្តហោះគ្មានមនុស្សបើកថ្មីចំនួន ១២ គ្រឿង ពីក្រុមហ៊ុនតួកគី ដែលមានតម្លៃ ៣០០លានដុល្លារ ផងដែរ៕