កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌាកំពុងសិក្សាលើការបង្កើតគោលនយោបាយថ្មីមួយ សម្រាប់រថយន្តអគ្គិសនី ពោលគឺអាចនឹងកាត់បន្ថយពន្ធនាំចូល ចំពោះក្រុមហ៊ុនណាដែលគ្រោងផលិតរថយន្តនៅឥណ្ឌាផ្ទាល់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា គោលនយោបាយថ្មីដែលកំពុងត្រូវបានសិក្សានោះគឺ អាចអនុញ្ញាតិឲ្យក្រុមហ៊ុនក្នុងស្រុក នាំចូលរថយន្តអគ្គិសនីទាំងមូលមកក្នុងប្រទេសឥណ្ឌា ជាមួយការកាត់បន្ថយពន្ធទាបបំផុតដល់ ១៥%។
ក្នុងករណីគោលនយោបាយមួយនេះត្រូវបានអនុម័ត វាអាចកាត់បន្ថយការចំណាយលើពន្ធនាំចូលរថយន្តអគ្គិសនី ដែលក្រុមហ៊ុនរថយន្តក្នុងស្រុកមួយចំនួនកំពុងត្រូវការខ្លាំង។
បន្ថែមពីនោះ វាអាចនឹងក្លាយជាឱកាសបើកទ្វារស្វាគមន៍ ក្រុមហ៊ុនរថយន្តខ្នាតយក្សធំៗដូចជា Tesla ហក់ចូលក្នុងប្រទេសទីផ្សាររថយន្តធំបំផុតទី៣ លើពិភពលោកផងដែរ។
គួររំលឹកដែរថា ក្រុមហ៊ុន Tesla ក៏ធ្លាប់មានបំណងចូលមកក្នុងទីផ្សារប្រទេសឥណ្ឌា កាលពីឆ្នាំ២០២១ ប៉ុន្តែការចរចារវាងក្រុមហ៊ុនរបស់ Elon Musk និងរដ្ឋាភិបាលឥណ្ឌា មិនបានជោគជ័យ ដោយសារពេលនោះឥណ្ឌាចង់ឲ្យ Tesla មកផលិតរថយន្តផ្ទាល់ក្នុងស្រុក ខណៈក្រុមហ៊ុនអាមេរិកមានបំណងចង់បើកតែហាងលក់រថយន្តស្រាប់ៗប៉ុណ្ណោះ៕