ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងជាអគ្គនាយក បុរី វិមានសំណាង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកសាខា KW ខេត្តព្រះសីហនុ (KW Sihanouk Ville) នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងពិធីចុះហត្ថលេខារវាងឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោក សៅ ហុក ប្រធាន KW Sihanouk Ville ដែលរៀបចំឡើងនៅការិយាល័យលក់ បុរី វិមានសំណាង នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ បុគ្គលិក ក្រុមការងារ និងភ្ញៀវកិត្តិយស ជាច្រើននាក់ផងដែរ។
KW Cambodia គឺជាអាជីវកម្មមួយ ដែលលោកឧកញ៉ា គីម ហ៊ាង បានចុះហត្ថលេខាផ្តាច់មុខ រយៈពេល២០ឆ្នាំ បូក២០ឆ្នាំ ស្មើនឹង៤០ឆ្នាំ ហើយលោកបាននាំយកក្រុមហ៊ុនរបស់អាមេរិកមួយនេះ មកកម្ពុជា តាំងពីឆ្នាំ២០១៨។ KW Cambodia មកពីពាក្យពេញ Keller Williams Cambodia ដែលក្រុមហ៊ុនអាមេរិក Keller Williams Realty International បង្កើតឡើងដំបូង កាលឆ្នាំ១៩៨៣ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានកែប្រែពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអចលនទ្រព្យវិញ។
សូមជម្រាបថា KW Cambodia ជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ ៥២ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០០ ០០០នាក់នៅទូទាំងពិភពលោក។ បច្ចុប្បន្ន KW Cambodia មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងខេត្តព្រះសីហនុ៕