ឧកញ៉ា ទីវ ម៉េងហ៊ុយ ម្ចាស់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ ពីរកន្លែង ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា ទីវ ម៉េងហ៊ុយ ម្ចាស់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍​ ពីរ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ និងខេត្តបាត់ដំបង​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ទីវ ម៉េងហ៊ុយ ​សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កើតនៅឆ្នាំ១៩៦០ ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។ លោក​ឧកញ៉ា បានធ្វើការវិនិយោគ និងគ្រប់​គ្រងលើក្រុមហ៊ុនផលិត​ស៊ីម៉ង់ត៍ធំៗ​ចំនួនពីរ គឺក្រុមហ៊ុន K.T Cement Kampongspeu Co., Ltd និងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត (Battambang Conch Cement Co., Ltd) ដែលបច្ចុប្បន្ន​លោក​ឧកញ៉ា គឺជាអភិបាលក្រុមហ៊ុន។ លោក​ ទីវ ម៉េងហ៊ុយ បានទទួល​គោរមងារ «ឧកញ៉ា» កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣។

អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ តែងតែ​ចូលរួមយ៉ាងសកម្ម​នៅ​ក្នុង​សកម្មភាព​សង្គម និង​សកម្មភាព​មនុស្សធម៌ តាម​រយៈ​ការ​បរិច្ចាគ​ទ្រព្យ​ធន​ជា​ច្រើន ព្រម​ទាំង​កម្លាំង​កាយ​ចិត្ត ប្រាជ្ញាស្មារតី និង​ពេលវេលា។ អ្នកឧកញ៉ា ត្រូវ​បាន​ទទួល​ស្គាល់ និង​ផ្តល់​​តម្លៃ​តាម​រយៈ​គ្រឿង​ឥស្សរិយយស​ជា​ច្រើន ពី​សំណាក់​រាជរដ្ឋាភិបាលកម្ពុជា ​រួម​ទាំង​គ្រឿង​ឥស្សរិយយស​ថ្នាក់កំពូល​ «ជាតូបការ» ពីព្រះមហាក្សត្រ​ផងដែរ៕