ឧកញ៉ា សំ ប៊ន ទទួលការតែងតាំងជា «ទីប្រឹក្សារាជរដ្ឋាភិបាល» ឋានៈស្មើរដ្ឋមន្ត្រី

ជុំវិញ​ឧកញ៉ា

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៥៦ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការតែងតាំង និងផ្ដល់តួនាទី ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ទីប្រឹក្សារាជរដ្ឋាភិបាលថ្មី សរុបចំនួន ៣៦៣រូប តបតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ដែលមានអតីតភាព និងស្នាដៃការងារឆ្នើម ដែលនឹងទទួលព្រះរាជក្រឹត្យ រួមដំណើរក្នុងតួនាទីជាទីប្រឹក្សា ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី ទី៧ នោះ ក៏មានវត្តមាន ឯកឧត្ដម ឧកញ៉ា សំ ប៊ន ដែលធ្លាប់មានប្រវត្តិជាទីប្រឹក្សាផ្ទាល់សម្តេច អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាធ្លាប់ជាទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។

សម្រាប់អាណត្តិថ្មី នីតិកាលទី៧ នេះ ឯកឧត្ដម ឧកញ៉ា សំ ប៊ន នឹងត្រូវបន្តបេសកកម្មថ្មីបន្ថែមពីលើការងារ ជាប្រធានក្រុមការងារចល័ត ដឹកនាំក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងមូលដ្ឋាន និងជួយប្រជាពលរដ្ឋ ផងដែរ។

ក្រៅពីការងារជាទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ឧកញ៉ា សំ ប៊ន ក៏មានតួនាទីស្នូលមួយទៀត ជាអនុប្រធានក្រុមការងារបក្សទទួលបន្ទុកមើលការងារខុសត្រូវចល័ត និងជាប្រធានក្រុមការងារចល័ត ដឹកនាំក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងមូលដ្ឋាន និងជួយប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងថែមទៀតផង។ បន្ថែមពីនោះ ឧកញ៉ា សំ ប៊ន ឥស្សរជនជាន់ខ្ពស់ រដ្ឋាភិបាល ដែលធ្លាប់ទទួលបានឥស្សរិយយស មេដាយការងារបម្រើជាតិ ខ្ពស់បំផុតថ្នាក់ “ជាតូបការ” តាំងពីឆ្នាំ២០១៨ រូបនេះ ក៏មានតួនាទីនយោបាយសំខាន់មួយទៀត គឺជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌឫស្សីកែវ ផងដែរ ៕