មីយ៉ាន់ម៉ា គ្រោងរឹតបន្តឹងការនាំចេញអង្ករបណ្តោះអាសន្ន ក្រោយតម្លៃក្នុងស្រុកកើនឡើង

អន្តរជាតិ

ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលថ្មីៗនេះ គ្រោងនឹងដាក់កម្រិតដល់ការនាំចេញអង្ករជាបណ្តោះអាសន្ន ក្នុងរយ:ពេលប្រហែល ៤៥ ថ្ងៃ ដោយគិតចាប់ពីចុងខែសីហានេះតទៅ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃស្បៀងអាហារនៅក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាជិកជាន់ខ្ពស់ម្នាក់នៃសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា បានប្រាប់ទៅកាន់សារព័ត៌មាន Reuters អំពីផែនការថ្មីនេះ ដោយបន្ថែមថា ការកើនឡើងនៃតម្លៃនៅក្នុងស្រុក កំពុងជំរុញឱ្យអជ្ញាធរ ត្រូវគិតគូបន្ថែមទៀត ជាពិសេសទៅលើការរឹតបន្តឹងការនាំចេញ។

មីយ៉ាន់ម៉ា ត្រូវបានចាត់ទុកថាជាប្រទេសនាំចេញអង្ករធំជាងគេបំផុតលំដាប់ទីប្រាំរបស់ពិភពលោក ដោយលក់បានជាង ២ លានតោន ក្នុងមួយឆ្នាំ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។

កាលពីខែមុន ប្រទេសឥណ្ឌា បានសម្រេចធ្វើការហាមឃាត់ការនាំចេញអង្ករស ដែលមិនមែនជាប្រភេទបាម៉ាទី ដោយកាត់បន្ថយការផ្គត់ផ្គង់នៅលើទីផ្សារពិភពលោក ប្រហែល ១០ លានតោន ឬស្មើនឹងប្រមាណ ២០% ។

តម្លៃអង្ករសកល ដែលលក់ចេញដោយប្រទេសនាំចេញអង្ករធំៗ ដូចជាថៃ និងវៀតណាម បានឡើងថ្លៃខ្ពស់បំផុត ចាប់តាំងពីប្រទេសឥណ្ឌា បានធ្វើការរឹតបន្តឹងការនាំចេញរបស់ខ្លួន កាលពីថ្ងៃទី ២០ ខែកក្កដា មក។

ទន្ទឹមនឹងនេះ ប្រទេសដែលនាំចូលអង្ករកំពូលៗ រួមទាំងហ្វីលីពីន និងឥណ្ឌូនេស៊ី កំពុងប្រញាប់ប្រញាល់ បង្កើនការទិញ ខណៈពេលដែលបាតុភូតរាំងស្ងួត El Nino ត្រូវបានគេរំពឹងថានឹងកាត់បន្ថយផលិតកម្មយ៉ាងច្រើន៕