ប្រមុខរាជរដ្ឋាភិបាល ស្នើដល់ភាគីកូរ៉េជម្រុញការវិនិយោគមកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបពិភាក្សាការងារជាមួយលោក ឆុង វ៉ាងគឺន(Chung Hwang-Keun)រដ្ឋមន្រ្តីកសិកម្ម,ស្បៀង និងកិច្ចការជនបទនៃប្រទេសកូរ៉េ នាថ្ងៃទី២៨ ខែសីហានេះ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក ឆុង វ៉ាងគឺន រដ្ឋមន្រ្តីកសិកម្ម,ស្បៀង និងកិច្ចការជនបទកូរ៉េ បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។

ទន្ទឹមនឹងនេះលោកក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនាគតខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើភាគីកូរ៉េជម្រុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញផងដែរ។

ក្នុងជំនួបរវាងប្រមុខរាជរដ្ខាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់កូរ៉េនៅពេលនេះ ភាគីទាំងពីរ បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។លើសពីនោះ ភាគីកូរ៉េ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិសាស្រ្តរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ៕