៣ ចំណុច នាយកប្រតិបត្តិ KW Cambodia ខេត្តសៀមរាបសូមផ្ដាំផ្ញើអ្នកចង់ទិញលំនៅឋានពេលនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងបទសម្ភាសន៍ពិសេសផ្ដាច់មុខមួយ ជាមួយ Oknha News កាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ អ្នកជំនាញអចលនទ្រព្យមកពីទឹកដីខេត្តសៀមរាប លោក កែវ សុធារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន KW Cambodia សៀមរាប បានចែករំលែកនូវលក្ខខណ្ឌ ៣ចំណុច ដែលលោកមើលឃើញថា អ្នកទិញត្រូវច្បាស់លាស់ដោយខ្លួនឯង មុនសម្រេចចិត្តទិញលំនៅឋាន មិនថាទិញក្នុងបំណងវិនិយោគ ទុកចំណេញ ឬដើម្បីរស់នៅឡើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកគម្រោង បុរី The Sakura Residence នៅខេត្តសៀមរាប រូបនេះលើកឡើងថា៖ “សម្រាប់យោបល់របស់ខ្ញុំ គឺលើកទឹកចិត្តមិនថា វិនិយោគ ឬតម្រូវការក្នុងការរស់នៅឡើយ ដោយសារបច្ចុប្បន្ន ទាំងតម្លៃ ទាំងលក្ខខណ្ឌបង់ប្រាក់ គឺមានភាពងាយស្រួលមែនទែន ប៉ុន្តែមុនធើ្វការទិញ ខ្ញុំសូមឱ្យបងប្អូនសិក្សាលម្អិត លើ ៣ចំណុចសិន គឺ ទី១ ប្រភពទុន ទី២ លំហូរសាច់ប្រាក់បើធៀបជាមួយលក្ខខណ្ឌបង់ប្រាក់ តើយើង អូខេ ឬអត់ ?  និង ទី៣ ពិនិត្យទៅលើស្ថានភាពរបស់គម្រោង។”

ទន្ទឹមនឹងការ ចែករំលែកទុនគំនិតដល់ពលរដ្ឋ ដែលមានបំណងទិញលំនៅឋាន ក្នុងស្ថានភាពបច្ចុប្បន្ន លោក កែវ សុធារ៉ា ក៏បានគូសបញ្ជាក់ពីស្ថានភាពទីផ្សារអចលនវត្ថុ នៅក្នុងខេត្តសៀមរាបផងដែរ។ លោក បញ្ជាក់ប្រាប់ថា៖ “សម្រាប់ទីផ្សារអចលនទ្រព្យក្នុងខេត្តសៀមរាបពេលនេះ មិនមានការធ្លាប់ចុះនោះទេ និយាយរួម តម្លៃដីធ្លីបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពទ្រឹងបន្តិច តែក៏មិនចុះថ្លៃក្រោមទីផ្សារដែរ។ ”

ការវាយតម្លៃ និងធ្វើបច្ចុប្បន្នភាព ហាងឆេងដីធ្លីក្នុងខេត្តសៀមរាប ដូចខាងលើនេះ លោក កែវ សុធារ៉ា ពន្យល់បន្ថែមថា កត្ដាតម្លៃដីធ្លី និងអចលនទ្រព្យ ដែលមិនធ្លាក់ថ្លៃទៅតាមវិបត្តិ សេដ្ឋកិច្ចសកលដូច្នេះ ក៏ព្រោះតែ ខេត្តសៀមរាប នៅតែជាគោលដៅនៃខេត្តមានសក្ដានុពល មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់អ្នកវិនិយោគ ដូចជាផ្លូវក្នុងខេត្តទើបស្ថាបនារួច ចំនួន ៣៨ខ្សែ មានគម្រោងធំៗ ជាពិសេសព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលត្រៀមបើកសម្ពោធនៅអំឡុងខែតុលា ឆ្នាំ២០២៣ ខាងមុខជាដើម ។ យ៉ាងណាមិញ នាយកប្រតិបត្តិ KW សៀមរាប រូបនេះ ទទួលស្គាល់ថា ថ្វីត្បិតតែតម្លៃដីធ្លីក្នុងខេត្តសៀមរាប មិនធ្លាក់ចុះពិតមែន ប៉ុន្តែប្រតិបត្តិការទិញលក់ មានការថមថយជាងមុនបន្តិច ។

ទោះបីជាយ៉ាងណា វិបត្តិសេដ្ឋកិច្ចពិភពលោក បញ្ហាក្រុមហ៊ុនអចលនទ្រព្យគ្រាក់ៗនៅចិនជាប់គាំង និងកត្តាសង្គ្រាមនៅអ៊ុយក្រែន-រូស្ស៊ី បន្តអូសបន្លាយ នៅតែជាឥទ្ធិពលមិនល្អ និងមានសម្ពាធ ធ្វើឱ្យផ្សារអចលនទ្រព្យកម្ពុជាដើរអូសជើងនៅឡើយ ។ និយាយមួយបែបទៀត ការធ្លាក់ចុះនៃចំនួនលក់គម្រោងបុរី មួយចំនួន ក្នុងឆមាសទី១ និងឆមាសទី២ ឆ្នាំ២០២៣នេះ ក៏ដោយសារ​មានធាតុចូលនៃការដំឡើង​អត្រា​ការ​ប្រាក់ និងភាព​តឹងរ៉ឹង​នៃកម្ចី​សឹងគ្រប់ធនាគារនៅកម្ពុជាផងដែរ ៕