ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក Toyota បានសម្រេចចិត្តផ្អាកដំណើរការផលិតទាំងស្រុង នៅក្នុងរោងចក្រទាំង ១៤ របស់ខ្លួន ក្នុងប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី ២៩ ខែសីហានេះ ដោយសារតែបញ្ហាប្រព័ន្ធកុំព្យូទ័រ នៅក្នុងរោងចក្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Japan Times ។
ការសម្រេចចិត្តភ្លាមៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថាអាចប៉ះពាល់ដល់ទិន្នផលរោងចក្រផលិតរថយន្ត នៅក្នុងស្រុក របស់ Toyota បើទោះបីជាអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ បាននិយាយថា ប្រភពនៃបញ្ហាមិនមែនដោយសារតែការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ ហើយក្រុមហ៊ុន នៅតែបន្តបើកការស៊ើបអង្កេតនៅឡើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ថា កុំព្យូទ័រក្នុងរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Toyota នៅប្រទេសជប៉ុន បានដំណើរការខុសប្រក្រតី ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន មិនអាចបញ្ជាទិញគ្រឿងបន្លាស់បាននោះឡើយ។
ក្រុមហ៊ុន Toyota នៅមិនទាន់បានបញ្ជាក់នៅឡើយនោះទេ ថានឹងបើកដំណើរការរោងចក្ររបស់ខ្លួនវិញ នៅពេលណា បន្ទាប់ពីក្រុមហ៊ុន បានផ្អាកការផលិតនៅរោងចក្រចំនួន ១២ របស់ខ្លួន កាលពីព្រឹកមិញ ហើយក្រោយមក បានបន្តផ្អាកការផលិតនៅរោងចក្រ Miyata ក្នុងខេត្ត Fukuoka និងនៅរោងចក្រ Daihatsu Motor ក្នុងទីក្រុង Kyoto បន្ថែមទៀត នៅរសៀលនេះ៕