ឧកញ៉ា តែ ឡូរិន ម្ចាស់សាកលវិទ្យាល័យវេស្ទើន ទទួលការតែងតាំងជា ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា តែ ឡូរិន ម្ចាស់សាកលវិទ្យាល័យវេស្ទើន (Western University) ​ត្រូវ​​បាន​ព្រះមហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​​តែងតាំង​​​ជា ទីប្រឹក្សា​ទីស្តីការ​គណៈរដ្ឋមន្ត្រី ឋានៈ​ស្មើ​ អនុរដ្ឋលេខាធិការ កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្នុង​ចំណោម​ទីប្រឹក្សាទីស្តីការ​គណៈរដ្ឋមន្ត្រី ​​ចំនួន ៦០​រូប​ផ្សេង​ទៀត តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា តែ ឡូរិន គឺជា​ស្ថាបនិក​និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវេស្ទើន ​​​និង​សាលា​វេស្ទើន​អន្តរជាតិ ហើយថ្មីៗនេះលោក​ទើប​បង្កើត​សាលា​មួយ​ទៀត​មាន​ឈ្មោះ​ថា សាលាវេស្ទើនប្រ៊ីជ។ សាកលវិទ្យាល័យវេស្ទើន ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ ​​នា​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ២០០៣ ដោយ​ឧកញ៉ា តែ ឡូរិន ហើយ​ក្នុង​ឆ្នាំ​នោះ​ដែរ លោក​ឧកញ៉ា ក៏​បាន​បង្កើត​សាលា​វេស្ទើន​អន្តរជាតិ​ដំណាល​គ្នា​ផង​ដែរ។ លោកឧកញ៉ា តែ ឡូរិន ​​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​​វិទ្យាសាស្ត្រសេដ្ឋកិច្ច លើ​ជំនាញ​​ហិរញ្ញវត្ថុ និង​ធនាគារ ពី​សាកលវិទ្យាល័យ​ Sorbonne ទីក្រុង​ប៉ារីស ប្រទេសបារាំង។

លោកឧកញ៉ា តែ ឡូរិន ​ក៏​ជា​ប្រធានសហព័ន្ធ​កីឡា​គុនដាវកម្ពុជា (FENCING FEDERATION OF CAMBODIA) ​​ដែល​ជា​វិញ្ញាសា​​ដ៏​សំខាន់​មួយ​ក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣​ ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មីៗ​ផង​ដែរ៕