ប្រធានសមាគមលើកកម្ពស់ម្រេចកំពតលោក ងួន ឡាយ បានឱ្យដឹងថាក្នុងឆ្នំា២០២៣នេះ ម្រេចកំពតទទួលបានទិន្នផលសរុបប្រមាណ១០០តោន បើប្រៀបធៀបនិងឆ្នំា២០២២ បរិមាណប្រហាក់ប្រហែលគ្នា ប៉ុន្តែមានចំនួនតិចជាងឆ្នំា២០២១ ដោយសារការថយចុះនៅចំនួនអ្នកដំាដុះនិងការថយចុះនៃផ្ទៃដីដំាម្រេចនៅក្នុងតំបន់។
លោក ងួន ឡាយ មានប្រសាសន៍ថា ទិន្នផលម្រេចដែលទទួលបានក្នុងឆ្នំា២០២៣មានភាពប្រហាក់ប្រហែលទៅនិងឆ្នំា២០២២ ប៉ុន្តែបរិមាណតិចជាងឆ្នំា២០២១ ដោយសារមានការថយចុះនៅចំនួនកសិករដែលជាអ្នកផលិតពីជាង៤៦០មកនៅសល់៣៧៩គ្រួសារ ហើយផ្ទៃដីថយចុះពី ២៩០មកនៅត្រឹម២៤០ហិកតា។ ការបោះបង់ម្រេចចោលភាគច្រើនជាកសិករខ្នាតធំៗ និងកសិករខ្នាតតូចបំផុតដោយសារខ្វះការគ្រប់គ្រងនិងការមើលថែឱ្យបានដិតដល់ ព្រោះម្រេចកំពត ខុសពីម្រេចនៅតំបន់ផ្សេង។នៅទីនេះការដំាដុះម្រេចវាពិបាកធ្វើ បើសិនជាយើងមិនបានមើលថែវាតែកន្លះខែឬ១ខែនៅក្នុងរដូវប្រំាងអាចធ្វើឱ្យដំណំាម្រេចខូចខាតអស់»។
នៅពេលការផលិតកម្មម្រេចកំពតកំពុងបង្ហាញសញ្ញាថមថយ សម្រាប់សមាគមមានការព្រួយបារម្ភខ្លះទេ?លោក ងួន ឡាយ លើកឡើងថា «តាមពិតថាយើងមានការព្រួយបារម្ភក៏អាចថាបាន ឬមិនមានការព្រួយបារម្ភក៏ថាបាន ព្រោះចាប់ពីពេលនេះទៅមុខ យើងមិនមើលមិនឃើញថាយើងមានលទ្ធភាពពង្រីកផ្ទៃដីដំាម្រេចនោះទេ មានតែការពង្រឹងប៉ុណ្ណោះ ព្រោះយើងពិបាកក្នុងការរកទិញជន្លុងសម្រាប់ដំាម្រេច ហើយផ្ទៃដីមួយចំនួនកសិករលក់នៅពេលដីឡើងថ្លៃ»។
បើតាមលោក ងួន ឡាយ ទីផ្សារធំរបស់ម្រេចកំពតគឺមាននៅអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ហុងកុង ហើយនាំចេញទៅទីផ្សារចិនទើបចាប់ផ្តើមមានតិចតួច ព្រោះម្រេចកំពតវាថ្លៃជាងម្រេចធម្មតា ហើយចិនក៏កំពុងតែធ្វើការសិក្សាពីម្រេចកំពត។
លោកលើកឡើងថា« តម្លៃម្រេចកំពតឈ្នួញទិញយកទៅលក់នៅលើទីផ្សារថ្លៃប៉ុណ្ណយើងអត់ដឹងទេ តែយើងដឹងតម្លៃម្រេចលក់ចេញពីកសិដ្ឋានដែលយើងកំណត់ថា សម្រាប់ម្រេចខ្មៅមួយុគីឡូថ្លៃ១៥ដុល្លារ ម្រេចក្រហមថ្លៃ២៥ដុល្លារ និងម្រេច ស ថ្លៃ២៨ដុល្លារ ហើយតម្លៃនេះយើងឈរនៅលើទីផ្សារតំាងពីឆ្នំា២០១៦រហូតមកដល់ឥលូវនេះ តម្លៃម្រេចទំាង៣ប្រភេទរក្សានតម្លៃថេរមិនមានការប្រែប្រួលនោះឡើយត»៕
អត្ថបទ៖សារេត