តាមរយៈការចុះផ្សាយពីកាសែត Bangkokpost បានបង្ហាញថា មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងរៀបចំឯកសារសំខាន់ៗ ដើម្បីស្នើសុំដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ។
លោក Winyat Chartmontree ដែលជាមេធាវីរបស់លោក ថាក់ស៊ីន បានបង្ហើបថា កាលបរិច្ឆេទនៃការដាក់ញត្តិនោះ មិនទាន់កំណត់បាននៅឡើយ ដ្បិតជាទូទៅ អ្នកទោសដែលបានអនុវត្តទោសមួយភាគបី ឬជាប់ពន្ធនាគារយ៉ាងតិចប្រាំបីឆ្នាំ ទើបអាចដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្របាន។
សូមជម្រាបដែរថា ទាក់ទងនឹងបញ្ហាមួយនេះ ក្រុមអ្នកសារព័ត៌មានក៏ធ្លាប់បានចោទសួរទៅកាន់លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ផងដែរ ប៉ុន្តែលោកស្រីបានឆ្លើយថា ការសម្រេចចិត្តទាក់ទងនឹងការសុំលើកលែងទោសពីព្រះមហាក្សត្រ គឺស្ថិតលើឪពុករបស់លោកស្រីតែម្នាក់ប៉ុណ្ណោះ ហើយទោះជាការសម្រេចចិត្តបែបណា ក្រុមគ្រួសារនឹងគាំទ្រជានិច្ច។
រំលឹកបន្ថែមថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានវិលមកជាន់ដីថៃវិញជាលើកដំបូងកាលពីថ្ងៃទី២២ ខែសីហា តាំងពីចាកចោលស្រុកកំណើតរយៈពេល ១៥ឆ្នាំ ហើយគ្រាន់តែមកដល់ភ្លាម តុលាការកំពូលបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។
ប៉ុន្តែបញ្ជូនខ្លួនចូលក្នុងបន្ទប់ពន្ធនាគារមិនបានប៉ុន្មានផង លោកមានបញ្ហាសុខភាព ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិស ដើម្បីតាមដានស្ថានភាពជំងឺ មកទល់នឹងថ្ងៃនេះ៕