នាថ្ងៃទី២៩ ខែសីហានេះ ក្រសួងការបរទេសឥណ្ឌាបានបង្ហាញថា រដ្ឋាភិបាលរបស់ខ្លួន សម្រេចចិត្តអនុញ្ញាតិ ឲ្យមានការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី ប៉ុន្តែនៅបន្តផ្អាកការនាំចេញខ្នាតធំ ទៅកាន់ពិភពលោកដូចដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
“ដោយសារមើលពីទំនាក់ទំនងដ៏ពិសេស ឥណ្ឌាបានអនុញ្ញាតិឲ្យមានការនាំចេញអង្ករ ដើម្បីរក្សានូវសុវត្ថិភាពស្បៀងអាហាររបស់សិង្ហបុរី។ ការបញ្ជាទិញជាផ្លូវការ នឹងត្រូវបង្ហាញនាពេលឆាប់ៗ”។ នេះបើតាមសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើង។
គួររំលឹកបន្តិចថា កាលពីខែមុន ឥណ្ឌាបានដាក់ចេញនូវវិធានការផ្អាកការនាំចេញអង្ករទូទាំងពិភពលោក ចំពេញអត្រាអតិផរណានៅក្នុងប្រទេសកំពុងកើនឡើង និងព្រួយបារម្ភខ្លាចមិនអាចផ្គត់ផ្គង់អង្ករគ្រប់គ្រាន់នៅក្នុងស្រុកបាន។
សូមជម្រាបដែរថា ឥណ្ឌាជាប្រទេសនាំចេញអង្ករធំបំផុតនៅលើលោក ដោយគ្រប់គ្រងការនាំចេញសរុបរហូតដល់ ៤០% ហើយដោយសារកិច្ចព្រមព្រៀងសមុទ្រខ្មៅ រវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងជាប់គាំងផង បណ្ដាលឲ្យឥណ្ឌាមានការព្រួយបារម្ភពីការកើនឡើងនៃតម្លៃស្បៀងអាហារ ទើបពួកគេសម្រេចចិត្តផ្អាកការនាំចេញអង្ករបណ្ដោះអាសន្ន៕