ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារម្សិលមិញ បានចេញមុខនិយាយការពារចំពោះការអនុវត្តអាជីវកម្មនៅក្នុងប្រទេសចិន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយថាក្រុមហ៊ុនអាមេរិក ស្ទើតែមិនអាចបន្តវិនិយោគបាន នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរបស់ពិភពលោក មួយនេះ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង លោកស្រី Raimondo បាននិយាយថា ក្រុមហ៊ុនអាមេរិក បានត្អូញត្អែរមកកាន់លោកស្រីថា ប្រទេសចិន បានក្លាយជាទីកន្លែងមិនអាចវិនិយោគបាន ដោយចង់សំដៅទៅលើការផាកពិន័យ ក៏ដូចជាការវាយឆ្មក់ និងសកម្មភាពផ្សេងទៀត ដែលធ្វើឱ្យមានភាពគ្រោះថ្នាក់ នៅក្នុងការធ្វើអាជីវកម្ម នៅក្នុងប្រទេសនេះ ។
ជុំវិញការលើកឡើងបែបនេះ អ្នកនាំពាក្យស្ថានទូតចិន លោក Liu Pengyu បានធ្វើការឆ្លើយតបវិញថា ក្រុមហ៊ុនអាមេរិកភាគច្រើន ក្នុងចំណោមក្រុមហ៊ុនសរុបចំនួន ៧០ ០០០ ដែលកំពុងធ្វើអាជីវកម្ម នៅក្នុងប្រទេសចិន សុទ្ធសឹងតែចង់បន្តការរកស៊ីរបស់ពួកគេ ហើយក្នុងនោះមានជិត ៩០% ទទួលបានផលចំណេញ ចំពេលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងព្យាយាមបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការចូលមកកាន់ទីផ្សារចិន សម្រាប់ក្រុមហ៊ុនបរទេស។
លោក Liu មានប្រសាសន៍ទៀតថា ៖ ” ប្រទេសចិន កំពុងជំរុញយ៉ាងសកម្មនូវការបើកចំហររបស់ខ្លួន និងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវបរិយាកាសធុរកិច្ច ដែលផ្តោតលើទីផ្សារលំដាប់ពិភពលោក និងគ្រប់គ្រងប្រកបដោយក្របខ័ណ្ឌច្បាប់ដ៏ត្រឹមត្រូវមួយ។ ហើយចិន នឹងបន្តបើកទ្វារឱ្យកាន់តែទូលំទូលាយ ទៅកាន់ពិភពខាងក្រៅ” ។
ជម្រាបជូនផងដែរថា លោកស្រី Raimondo កំពុងស្ថិតនៅក្នុងទីក្រុងសៀងហៃ សម្រាប់ថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច មុនពេលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិ ដោយលោកស្រី នឹងទៅទស្សនាកន្លែងកម្សាន្ត Shanghai Disneyland ដែលជាការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន Walt Disney និងក្រុមហ៊ុន Shendi Group ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន ៕