ឧកញ៉ា យឹម តាស្រង់ ជួយសាងសង់របងក្លោងទ្វារ និងដងទង់ជាតិសាលា នៅស្រុកកំណើត

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា យឹម តាស្រង់ ​​នាយកប្រតិបត្តិក្រុមហ៊ុន EEw9 និងលោកស្រី លី ញ៉ូវរី ព្រមទាំងបុត្រ បាន​ជួយ​សាងសង់​របង និងក្លោងទ្វារសាលារៀន​មួយ​កន្លែង នៅស្រុកកំណើត​របស់​​លោក នៅ​ខេត្តក្រចេះ។ ជាមួយ​គ្នា​នេះ លោក​ឧកញ៉ា និង​ក្រុមការងារ​​ក៏​កំពុងគូរប្លង់ធ្វើបណ្ណាល័យ ព្រមទាំង​បាន​ផ្តល់អាហារូបករណ៍ ជូនសិស្សានុសិស្ស​ជា​ច្រើន​រូប​​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា យឹម តាស្រង់ ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ថា រូបលោក​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​កម្រ​ កាលនៅ​ទីជនបទ​ នៅ​ស្រុកកំណើត។ ក្នុង​បទ​សម្ភាសន៍​មួយ​​និយាយ​ពី​ក្តី​ស្រឡាញ់​ទៅ​កាន់​ឪពុក ជាមួយ​​ផលិតកម្ម​ Town កាល​ពី​៥​ឆ្នាំ​មុន លោក​ឧកញ៉ា ​​បាន​ឱ្យ​ដឹង​ថា ​​លោក​ធ្លាប់​ឈប់​រៀន​ម្តង​ កាល​ថ្នាក់​ទី​៨ ​​ហើយ​​ធ្លាប់​ចិញ្ចឹម​ជ្រូក និង​បិត​ស្រា​ស លក់ ប៉ុន្តែ​ពេល​នោះ​ហើយ​ ធ្វើ​ឱ្យ​លោក​យល់​ថា ជីវិត​មិន​ចេះ​អក្សរ​​គឺ​លំបាក​ណាស់។ ក្រោយ​មក​ លោក​ក៏​សម្រេច​ចិត្ត​បន្ត​សិក្សា​វិញ។

លុះ​ដល់​ថ្នាក់​ទី​១១ លោក​ក៏​សម្រេច​ចិត្ត​ផ្សង​ព្រេង​មក​កាន់​ទីក្រុង​ភ្នំពេញ​ម្នាក់​ឯង ​​ទោះ​បី​​ឪពុក​របស់​លោក ព្យាយាម​ឃាត់​យ៉ាង​ណា​ក៏​ដោយ។ លោក​ឧកញ៉ា ​​​​បាន​បញ្ជាក់​​ក្នុង​វីដេអូ​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំ​ចាំបាន​ថា កំឡុង​ពេល​នោះ​ ខ្ញុំ​រៀន​ថ្នាក់ទី​១១ តែ​ខ្ញុំ​មក​ភ្នំពេញ។ ពេល​នោះ​ឪពុក​ខ្ញុំ​ឃាត់​ខ្ញុំ គាត់​ថា​ទៅ​ធ្វើ​អី អត់​មាន​លុយ​ទេ គ្មាន​បង​ប្អូន​សាច់​ញាតិ​អី​ទេ ហើយ​មក​ភ្នំពេញ​ម្នាក់​ឯង អាជីព​អ្នក​និពន្ធ​ហ្នឹង​ម៉េច ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជម្នះ​ខ្លួន​ខ្ញុំ ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​បាន ខ្ញុំ​ត្រូវ​តែ​មក ទាំង​ដែល​មក​ភ្នំពេញ​គ្មាន​គោលដៅ​អ្វី​ទេ។ គាត់​​ដាច់​ខាត​ស្អែក​មិន​ឱ្យ​ខ្ញុំ​មក តែ​ខ្ញុំ​លួច​ទាក់ទង​ឡាន​​តូរីស​គេ​ឱ្យ​មក​យក​ពេល​ព្រឹក”។

ឧកញ៉ា យឹម តាស្រង់ អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra ​​ទទួលបាន​ដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា ឆ្នាំ២០២២។ លោកត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់​គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕