កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងធនធានធម្មជាតិចិនបានបញ្ចេញនូវរូបភាពផែនទីថ្មីរបស់ខ្លួន ខណៈប្រទេសជិតខាងឥណ្ឌា បានបញ្ចេញមតិរិះគន់ និងខឹងសម្បារជាខ្លាំង ដោយបានអះអាងថា ផែនទីថ្មីនោះគឺមានចំណែកទឹកដីរបស់ពួកគេ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា តំបន់ដែលមាននៅលើផែនទីចិនគឺ នៅភាគឦសាននៃរដ្ឋ Arunachal Pradesh និងតំបន់មានជម្លោះ Aksai Chin ខណៈរដ្ឋាភិបាលឥណ្ឌា កំពុងមានការជំទាស់ជាខ្លាំងជុំវិញបញ្ហាមួយនេះ។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Arindam Bagchi បានលើកឡើងថា៖ ពួកយើងមិនយល់ស្របជាមួយនឹងការទាមទារ ដែលគ្មានមូលដ្ឋានបែបនេះឡើយ ហើយចិនកំពុងធ្វើឲ្យស្ថានការណ៍កាន់តែរញ៉េរញ៉ៃ ជុំវិញបញ្ហាទំនាស់ព្រំដែន។
ទាក់ទងនឹងបញ្ហាមួយនេះ រដ្ឋាភិបាលចិននៅមិនទាន់ចេញមុខបកស្រាយអ្វីនោះឡើយ ខណៈជានិច្ចកាលប្រទេសទាំង២ តែងតែមានបញ្ហាជាមួយគ្នា ជុំវិញទំនាស់ព្រំប្រទល់៕