ក្រុមហ៊ុនផ្សារទំនើប Big C Retail Corporation របស់មហាសេដ្ឋីថៃ Charoen Sirivadhanabhakdi បានសម្រេចចិត្តផ្អាកគម្រោង ដាក់លក់ភាគហ៊ុនជាសាធារណៈ (IPO) ដែលធ្លាប់ត្រូវគេព្យាករណ៍ថា អាចប្រមូលលុយបានរហូតដល់ ១ពាន់លានដុល្លារ នាត្រីមាសទី៤ នៃឆ្នាំ២០២៣។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មូលហេតុដែលធ្វើឲ្យ Big C សម្រេចចិត្តផ្អាកផែនការមួយនេះ ដោយសារពួកគេបានមើលឃើញស្ថានភាពទីផ្សារបច្ចុប្បន្ន នៅមិនទាន់មានស្ថិរភាពនៅឡើយ។
មួយវិញទៀត ក្រុមហ៊ុនមេ Berli Jucker ក៏បានបង្ហាញដែរថា Big C មានគម្រោងលក់ភាគហ៊ុនទាំងនៅក្នុងស្រុក និងលើទីផ្សារអន្តរជាតិ ប៉ុន្តែដោយសារសេដ្ឋកិច្ចសកលកំពុងមានស្ថានភាពមិនសូវស្រួល ទើបគម្រោងការណ៍មួយនេះត្រូវពន្យារពេលបណ្ដោះអាសន្នសិន។
គួររំលឹកដែរថា ក្រៅពីក្រុមហ៊ុន Big C ក៏នៅមានក្រុមហ៊ុនខ្នាតយក្សប្រចាំប្រទេសដូចជា ក្រុមហ៊ុនឧស្សាហកម្មធំបំផុតនៅថៃ Siam Cement ក៏ផ្អាកផែនការលក់ភាគហ៊ុនសាធារណៈក្នុងស្រុក របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ SCG Chemicals ក្រោមហេតុផលស្ថានភាពទីផ្សារមិនមានស្ថិរភាពដូចគ្នា៕