ម៉ាឡេស៊ីចូលរួមជាមួយឥណ្ឌា ប្រឆាំងអំណះអំណាងចិន ជុំវិញការបញ្ចេញផែនទីថ្មី

អន្តរជាតិ

កាលពីម្សិលមិញនេះ រដ្ឋាភិបាលឥណ្ឌាមានការខឹងសម្បារជាខ្លាំង ជាមួយប្រទេសចិន បន្ទាប់ពី​មហាអំណាចអាស៊ី បានបញ្ចេញនូវរូបភាពផែនទីថ្មី ដែលឥណ្ឌាអះអាងថា មានជាប់ចំណែកទឹកដីរបស់ខ្លួន ហើយថ្មីៗនេះប្រទេសម៉ាឡេស៊ីក៏បញ្ចេញប្រតិកម្មដូចគ្នាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កាលពីថ្ងៃទី២៨ ខែសីហា ក្រសួងធនធានធម្មជាតិចិន បានបញ្ចេញនូវផែនទីស្តង់ដារបស់ចិនសម្រាប់ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវតំបន់មួយភាគធំនៅសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងផ្នែកខ្លះនៃប្រទេសឥណ្ឌា។

ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា ពួកគេនឹងមិនទទួលស្គាល់​អំណះអំណាងរបស់ចិន នៅសមុទ្រចិនខាងត្បូងបានឡើយ ហើយផែនទីថ្មីនោះមិនអាច​រំលោភទឹកដីម៉ាឡេស៊ីឡើយ។

ជាមួយគ្នានោះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអះអាងថា ពួកគេកំពុងបើកការស៊ើបអង្កេត ពាក់ព័ន្ធនឹងបញ្ហាមួយនេះ ខណៈរដ្ឋាភិបាលចិននៅមិនទាន់ចេញមុខបកស្រាយអ្វីនោះទេ។

សូមជម្រាបដែរថា ការបញ្ចេញរូបភាពផែនទីថ្មីរបស់ចិន គឺកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ីចាប់ផ្ដើម ពោលពីថ្ងៃទី០៥ ដល់ទី០៧ ខែកញ្ញា និងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា ពីថ្ងៃទី០៩ ដល់ទី១០ ខែកញ្ញា ដែលមានក្ដីរំពឹងថា មេដឹកនាំចិន នឹងចូលរួមកិច្ចប្រជុំទាំង២នេះ៕