អាមេរិក ព្រមានកូរ៉េខាងជើង មិនអោយលក់អាវុធទៅអោយរុស្ស៊ី

អន្តរជាតិ

យោងតាមសារព័ត៌មាន Aljazeera បានចុះផ្សាយថា អាមេរិកបានព្រមានទៅកាន់កូរ៉េខាងជើង ប្រឆាំងទៅនឹងការលក់អាវុធទៅអោយរុស្ស៊ី ដើម្បីប្រើប្រាស់តទល់ទៅនឹងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈដែលភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីតោន​នៅតែបន្តកើនឡើងកំដៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះកើតឡើង ក្រោយពីសហរដ្ឋអាមេរិកជឿជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឱ្យលក់គ្រាប់កាំភ្លើងធំទៅអោយទីក្រុងមូស្គូ នៅពេលដែលរូបលោកបាន ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង និងបានជួបជាមួយលោក គីម ជុងអ៊ុន កាលពីខែកក្កដា។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា៖ សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងអាវុធ ដែលអាចកើតមានរវាងរុស្ស៊ី និងកូរ៉េខាងជើង។

មន្ត្រីរូបនេះដដែលក៏បានបន្ថែមទៀតថា៖ យើងក៏បានជំរុញអោយកូរ៉េខាងជើងបញ្ឈប់រាល់ការចរចាអាវុធរបស់ខ្លួនជាមួយរុស្សី ក៏ដូចជាការគោររពតាមការប្តេជ្ញាចិត្តជាសាធារណៈ​ ដែលទីក្រុងព្យុងយ៉ាងបានធ្វើ ក្នុងការមិនផ្តល់ ឬលក់អាវុធទៅអោយទីក្រុងមូស្គូ។

សូមជម្រាបថា ប្រទេសកូរ៉េខាងជើងត្រូវបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់អង្គការសហប្រជាជាតិចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ខណៈដែលប្រទេសរុស្ស៊ីក៏ប្រឈមមុខនឹងការដាក់ទណ្ឌកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក និងលោកខាងលិចជុំវិញការឈ្លានពានទៅលើអ៊ុយក្រែន កាលពីឆ្នាំមុនផងដែរ៕