នាថ្ងៃទី៣១ ខែសីហានេះ លោក Ben Wallace បានដាក់លិខិតសុំលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិ ទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បន្ទាប់កាន់តួនាទីមួយនេះ អស់រយៈពេល ៤ឆ្នាំ។
យោងតមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា តាមរយៈលិខិតលាលែងតំណែង លោក Wallace បាននិយាយថា អាជីពជាអ្នកនយោបាយ និងយោធារបស់លោក បានប៉ះពាល់ដល់ជីវិតឯកជន និងក្រុមគ្រួសាររបស់លោក។
បន្ថែមពីនោះ លោកក៏បានកោតសរសើរពីសន្ទុះនៃការអភិវឌ្ឍន៍របស់ក្រសួងការពារជាតិ និងស្នើសុំឲ្យរដ្ឋាភិបាល បន្តគាំទ្រដល់វិស័យការពារជាតិបន្ថែមទៀត។
គួររំលឹកដែរថា កាលពីខែមុន លោក Wallace ក៏ធ្លាប់បង្ហើបថា ចង់ចុះចេញពីតំណែងដែលបានកាន់អស់រយៈពេល ៤ឆ្នាំ ហើយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ លោកក៏នឹងលាលែងពីសមាជិកសភាថែមទៀត ដោយអះអាងថា លោកចង់ស្វែងរកឱកាសថ្មីៗជាងនេះ។
ជម្រាបបន្ថែមថា អ្នកដែលមកស្នងតំណែងរបស់លោក Wallace គឺជាអតីតរដ្ឋមន្ត្រីសន្តិសុខថាមពល លោក Grant Shapps ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីការពារជាតិអង់គ្លេស៕