ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រនេះបន្តចុះជួបជាមួយកម្មករកម្មការិនីនិយោជិតតាមរោងចក្រ សហគ្រាសលើកទី២ បន្ទាប់ពីកាន់តំណែងនាយករដ្ឋមន្ត្រី អាណត្តិទី៧។ ជាការកត់សម្គាល់មើលឃើញមានមន្រ្តីជាន់ខ្ពស់ទៅជាមួយ ដូចជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងទីប្រឹក្សានៃរដ្ឋាភិបាលអាណត្តិថ្មីជាច្រើនរូបអមដំណើរឯកឧត្តមបណ្ឌិត។
នៅចំពោះគណៈរដ្ឋមន្រ្តីថ្មី ក្នុងវេទិកាជួបជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់រដ្ឋមន្ត្រីតាមក្រសួងណាដែលរវល់មិនចាំបាច់មកអមដំណើរឯកឧត្តមគ្រប់កម្មវិធីវេទិកាសាធារណៈគ្រប់ពេលនោះទេ គ្រាន់តែចាត់រដ្ឋលេខាធិការម្នាក់មកបានហើយ។
ឯកឧត្តមបណ្ឌិតថ្លែងថា ប្រសិនជារដ្ឋមន្ត្រីណាមិនអាចចូលរួមកម្មវិធីសាធារណៈជាមួយបាន សូមចាត់ឲ្យរដ្ឋលេខាធិការម្នាក់មកចូលរួមជំនួសគឺគ្រប់គ្រាន់ហើយ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ការចូលរួមជាមួយឯកឧត្តមនៅក្នុងកម្មវិធីសាធារណៈគឺបង្ហាញនូវសាមគ្គីភាពក្នុងជួរថ្នាក់ដឹកនាំជាមួយនឹងប្រជាពលរដ្ឋ។ ឯកឧត្តមសង្កត់ធ្ងន់ថា «បម្រើប្រជាពលរដ្ឋគឺជាអ្វីដែលយើងត្រូវធ្វើ»៕