ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ក្រៅពីសំណូមពរដល់រាជរដ្ឋាភិបាលបន្តនៅគោលនយោបាយលើកទឹកចិត្តបន្ថែមដល់វិស័យឯកជនដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ឱ្យបន្តនូវនិរន្តរភាពដើម្បីត្រៀមទទួលភ្ញៀវនាពេលអនាគតដ៏ខ្លី លោកស្រីមានក្តីរំពឹងខ្ពស់ផងដែរទៅលើថ្នាក់ដឹកនាំក្រសួងទេសចរណ៍ថ្មីថានឹងនាំនាវាទេសចរណ៍កម្ពុជាឈានឆ្ពោះទៅកាន់អនាគតថ្មីនៅពេលខាងមុខ។
លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថាទាក់ទងទៅនឹងការបន្តវេនរបស់ថ្នាក់ដឹកនាំនៅក្នុងវិស័យទេសចរណ៍នៅកម្ពុជា ខ្ញុំមានការរំពឹងខ្ពស់ទៅលើថ្នាក់ដឹកនាំដែលទើបតែទទួលបន្ទុក ថានឹងនាំនាវាទេសចរណ៍កម្ពុជាប្រកបដោយគុណភាព រស់រវើក ភាពប្រកួតប្រជែង បរិយាប័ន្នដែលនឹងឆ្ពោះទៅកាន់អនាគតថ្មី ។
លោកស្រីសង្កត់ធ្ងន់ថា «ជាមួយគ្នានេះខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍ដែលជាសេនាធិការ សូមឱ្យមានគោលនយោបាយបន្ថែមទៀតដើម្បីលើកទឹកចិត្តដល់ផ្នែកឯកជនដែលធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ឱ្យបន្តនូវនិរន្តរភាពដើម្បីត្រៀមទទួលភ្ញៀវនាពេលអនាគតដ៏ខ្លី ដើម្បីធ្វើឱ្យកម្ពុជាគោលដៅឈានមុខប្រកបទៅដោយភាពសំបូរបែប ពោពេញទៅដោយកាលានុវត្តភាពនិងភាពកក់ក្តៅ ដរាបណាកម្ពុជាពោពេញទៅដោយសេវាកម្ម ទើបយើងអាចទាក់ទាញភ្ញៀវទេសចរបាន»។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា បើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ថ្មីៗនេះបានឱ្យដឹងថា ដើម្បីធានាបាននូវស័ក្តិសិទ្ធិភាពនិងប្រសិទ្ធភាពក្នុងការចូលរួមរបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្តកម្មវិធីនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ខ្ញុំនឹងផ្តួចផ្តើមរៀបចំធ្វើបច្ចុប្បន្នភាពនិងកែសម្រួលក្នុងករណីចំាបាច់លើលិខិតបទដ្ឋានគតិយុត្តិ រចនាសម័្ពន្ធ របៀបរបបការងារធនធានមនុស្ស និងធនធានហិរញ្ញវត្ថុឱ្យស្របទៅតាមគោលដៅយុទ្ធសាស្ត្រចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍។
លោករដ្ឋមន្ត្រីថ្មី មានប្រសាសន៍បញ្ជាក់ថា«ដើម្បីសម្រេចបាននៅគោលដៅយុទ្ធសាស្ត្រទំាង៣ខាងលើនេះខ្ញុំបានគិតគូរអំពីគំនិតផ្តួចផ្តើមថ្មី យោងតាមការស្រាវជ្រាវ បទពិសោធន៍ស្ថាប័ន ឯកសារគន្លឹះដែលបានអនុវត្តកន្លងមកក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាដោយផ្តោតទៅលើសសរស្ដម្ភយុទ្ធសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥» ហើយដើម្បីគំាំទ្រសរសរស្តមយុទ្ធសាស្ត្រទំាង៥ខាងលើនេះប្រកបប្រសិទ្ធភាពនិងឈានទៅសម្រេចឱ្យបាននៅគោលដៅយុទ្ធសាស្ត្រទំាង៣នៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា យើងមានការងារគំាំទ្រអាទិភាពចំនួន៣ ហៅកាត់ថាអភិវឌ្ឍន៍៣»។
លោកបន្តថា ការងារគំាំទ្រអាទិភាពទំាង៣ មាន៖១)-អភិវឌ្ឍន៍រចនាសម្ព័ន្ធនិងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ ដោយរាប់ទំាងការគិតគូរដល់ការរៀបចំបង្កើតក្រុមប្រឹក្សាជាតិទេសចរណ៍និងការពង្រឹងអង្គភាព គ្រប់គ្រងគោលដៅទេសចរតាមរាជធានី ខេត្តនិងតាមគោលដៅទេសចរណ៍សំខាន់ៗ ដោយបង្កើនកិច្ចសហការជាមួយដៃគូររវាងរដ្ឋនិងឯកជន និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានា។ ២)-អភិវឌ្ឍន៍បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ត្រូវមានផែនការនិងមានធនធានច្បាស់លាស់ស្របតាមដំណាក់កាលនីមួយៗ និង៣)-អភិវឌ្ឍន៍ធនធានមនុស្សដោយផ្តោតសំខាន់ទៅលើការអប់រំបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ ឆន្ទៈ គុណភាព និងសីលធម៌សម្រាប់បុគ្គលិក និយោជិត និយោជកនិងមន្ត្រីរាជការ ព្រមទំាងភាគីពាក់ព័ន្ធនានានៅក្នុងវិស័យទេសចរណ៍ឱ្យស្របតាមតួនាទីនិងការទទួលខុសត្រូវខ្ពស់ ដោយធ្វើយ៉ាងណាធានាបានបុគ្គលិកម្នាក់មានជំនាញមួយ ពិសេសបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដារអាស៊ាន ព្រមទំាងលើកកម្ពស់សុខមាលភាពមន្ត្រីទេសចរណ៍ប្រកបសមធម៌ និងបរិយាប័ន្ន៕
អត្ថបទ៖សារេត