ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា នាពេលខាងមុខដ៏ខ្លីនេះ ព្រះរាជក្រឹត្យថ្មីមួយស្តីពីការតែងតាំងទីប្រឹក្សា ឬជំនួយការ នឹងចេញជាផ្លូវការ ហើយក្នុងនោះ សម្រាប់ថ្នាក់ដឹកនាំវិស័យឯកជន ដែលមានគោរមងារជា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវតែងតាំងជាទីប្រឹក្សា ឬជំនួយការ គឺមិនអាចមានឋានៈស្មើរដ្ឋមន្ត្រី ឬឋានៈស្មើអ្វីទៀតនោះទេ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា នេះថា សម្រាប់បុគ្គលជាសមាជិកក្នុងក្រុមប្រឹក្សា ឬគ្រប់គ្រងក្រុមហ៊ុនឯកជន ឬបុគ្គលដែលទទួលបានគោរមងារ អ្នកឧកញ៉ា ឧកញ៉ា នៅតែអាចទទួលបានការតែងតាំងជាទីប្រឹក្សា ឬជំនួយការនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬទីប្រឹក្សា ជំនួយការតាមក្រសួង ស្ថាប័នផ្សេងៗបានដដែល ប៉ុន្តែសុំពួកគាត់មិនឱ្យយកឋានៈស្មើរដ្ឋមន្ត្រី ឬឋានៈស្មើអ្វីទៀតនោះទេ។ ចំពោះអ្នកទទួលបានការតែងតាំងរួចរាល់ហើយ នឹងទុករយៈពេល ៦ខែ ដើម្បីឱ្យធ្វើការសម្រេចចិត្តជ្រើសរើសយកមួយ រវាងគោរមងារ អ្នកឧកញ៉ា ឧកញ៉ា ឬយកឋានៈស្មើ។
ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ចេញគោលការណ៍ខ្លះៗរួចមកហើយ សម្រាប់មន្ត្រីកងកម្លាំងនគរបាល និងមន្ត្រីយោធា បើមានពាក់ស័ក្តិជាឧត្តមសេនីយ៍ហើយ កុំយកងារជា ឧកញ៉ា ហើយបើយកងារជា ឧកញ៉ា គឺកុំយកក្របខ័ណ្ឌជាឧត្តមសេនីយ៍។ ឯកឧត្តមបណ្ឌិត បានបន្តថា នេះគឺក្នុងប្រធានបទស្រដៀងគ្នា ហើយក៏សុំទោសដល់ អ្នកឧកញ៉ា ឧកញ៉ា អាចនឹងប៉ះពាល់អារម្មណ៍ ប៉ុន្តែយើងធ្វើទាំងអស់គ្នា ឱ្យស្មើភាពទាំងអស់គ្នា។ ទោះយ៉ាងណា ការប្រគល់កិត្តិយសជា ទីប្រឹក្សា ឬជំនួយការ នឹងនៅបន្តជូន គ្រាន់តែមិនផ្តល់ឋានៈស្មើជូនប៉ុណ្ណោះ។ ចំណែកឯនៅបណ្តាប្រទេសជាច្រើន ក៏មិនមានការតែងតាំងឱ្យមានឋានៈស្មើនោះដែរ។
សូមជម្រាបថា បើតាមការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រះរាជក្រឹត្យថ្មីមួយនេះ មិនមែនអនុវត្តតែថ្នាក់ដឹកនាំវិស័យឯកជននោះទេ ពោលគឺនឹងមានវិសាលភាពអនុវត្តទាំងមន្ត្រីកងកម្លាំងនគរបាល យោធិន ឬមន្ត្រីរាជការស៊ីវិលទាំងអស់ផងដែរ។ យ៉ាងណាមិញ មន្ត្រីក្របខ័ណ្ឌគ្រប់ប្រភេទ នឹងមិនអាចមានតួនាទីនៅតាមបណ្តាក្រសួង ស្ថាប័ន រួចហើយ អាចទទួលបានការតែងតាំងជា ទីប្រឹក្សា ឬជំនួយការ ដែលមានឋានៈស្មើទៀតនោះទេ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ការធ្វើបែបនេះ គឺដើម្បីធានាផ្តល់នូវអាទិភាព យុត្តិធម៌ និងការលើកទឹកចិត្ត ហើយព្រះរាជក្រឹត្យថ្មីនេះ បានឆ្លងយោបល់គណៈរដ្ឋមន្ត្រីថ្មីរួចរាល់ហើយ៕