ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបាននិយាយនាថ្ងៃសុក្រ ទី៣១ ខែសីហានេះថា រដ្ឋាភិបាលនឹងបែងចែកទឹកប្រាក់ប្រហែល ៨,២ពាន់លានរីងហ្គីត ឬប្រមាណ ១,៧៧ពាន់លានដុល្លារ ដើម្បីជម្រុញ និងពន្លឿនផែនការឧស្សាហកម្មជាតិខ្នាតយក្ស ឲ្យរួចរាល់នៅត្រឹមឆ្នាំ២០៣០។
ផែនការមួយនោះគឺមានគោលបំណង អភិវឌ្ឍបន្ថែមនៅលើវិស័យផលិតកម្មឲ្យកាន់តែរីកចម្រើន ដោយបង្កើនការប្រកួតប្រជែងពីអាជីវកម្មខ្នាតតូច និងមធ្យម ដ៏ដូចជាតាមរយៈការបង្កើតការងារ ដែលទាមទារឲ្យមានសមត្ថភាពខ្ពស់ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា ផែនការមួយនេះ ត្រូវការថវិការវិនិយោគសរុបប្រមាណ ៩៥ពាន់លានរីងហ្គីត ដែលមួយភាគធំនឹងទទួលបានពីវិស័យឯកជន។
ជម្រាបបន្ថែមថា ផែនការមួយនេះក៏មានគោលបំណង បង្កើនតម្លៃនៃវិស័យផលិតកម្ម ៦,៥% ក្នុងរយៈពេល ៧ឆ្នាំ និងគម្រោងកំណើនការងារនៅក្នុងវិស័យមួយនេះឲ្យបាន ២,៣% ចាប់ពីឆ្នាំ២០២៣ តទៅ៕