រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក នឹងបង្ហាញវត្តមានក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញានេះ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរតនាគារ បាននិយាយថា លោកស្រី Yellen មានបំណងផ្តោតលើការពង្រឹងសេដ្ឋកិច្ចពិភពលោក និងគាំទ្រដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ជាមួយនឹងការជំរុញលើកិច្ចខិតខំប្រឹងប្រែងលើការរៀបចំរចនាសម្ព័ន្ធបំណុល ការវិវត្តន៍នៃធនាគារ​អភិវឌ្ឍ​ពហុភាគី (MDBs) និងការកសាងធនធានមូលនិធិទុកចិត្ត របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី Yellen ក៏នឹងប្រមូលផ្តុំសម្ព័ន្ធមិត្ត G20 របស់អាមេរិក ដើម្បីរក្សាការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសអ៊ុយក្រែន និងបង្កើនការដាក់​សម្ពាធ​ទៅលើរុស្ស៊ី ជុំវិញការបន្តសង្គ្រាម។ ហើយក្នុងនោះក៏រួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារពិភពលោក ផងដែរ។

ក្នុងពេលជាមួយគ្នានេះ ក្រសួងរតនាគារ បាននិយាយទៀតថា លោកស្រី Yellen នឹងធ្វើការឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក ជាមួយឥណ្ឌា ដែលជាប្រទេស លោកស្រីធ្លាប់ពិពណ៌នាថាជាទិសដៅ “មិត្តរួមការងារថ្មី” និងជាជម្រើសថ្មី ជំនួសប្រទេសចិន សម្រាប់ការវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ៕