ធនាគារថៃធំៗចំនួន៤ បានសម្រេចចិត្តបិទសាខារបស់ខ្លួន នៅក្នុងប្រទេសឡាវ ដោយសារតែមិនអាចទ្រាំទ្របានចំពោះបទប្បញ្ញត្តិកាន់តែតឹងតែង និងការចំណាយកាន់តែខ្ពស់ ចំពេលសកម្មភាពអាជីវកម្មនៅក្នុងប្រទេសនេះ បានធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។
ចំពោះសាខាទាំង៤ ដែលបានប្រកាសបិទនោះ រួមមានសាខានៅទីក្រុងវៀងចន្ទន៍របស់ធនាគារ Thai Military Bank , សាខាខេត្ត Savannakhet របស់ធនាគារ Ayudhya , សាខាទីក្រុងវៀងចន្ទន៍ របស់ធនាគារ CIMB Thai និងសាខា Pakse របស់ធនាគារ Bangkok Bank ក្នុងខេត្តចំប៉ាសាក់។
ប្រភពពីឧស្សាហកម្មធនាគារថៃ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថាបទប្បញ្ញត្តិដ៏តឹងរ៉ឹង ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលឡាវ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ភាពងាយស្រួលនៃការធ្វើអាជីវកម្ម នៅក្នុងប្រទេសនេះ ។
ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ធនាគារនៃសាធារណរដ្ឋប្រជាមានិតឡាវ (BoL) បានធ្វើការរឹតបន្តឹងបទប្បញ្ញត្តិត្រួតពិនិត្យលើអាជីវកម្មធនាគារ ក្នុងអំឡុងពេលប្រាំឆ្នាំចុងក្រោយនេះ ដោយផ្តោតទៅលើសេវាកម្មជាច្រើន ជាពិសេសការផ្តល់ប្រាក់កម្ចី និងការគ្រប់គ្រងការប្តូរប្រាក់បរទេស។
លើសពីនេះ ធនាគារកណ្តាលរបស់ឡាវនេះ ក៏បានអនុវត្តច្បាប់ថ្មី ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ ផងដែរ ដែលតម្រូវឱ្យធនាគារពាណិជ្ជបរទេសទាំងអស់ ត្រូវបង្កើនដើមទុនចុះបញ្ជីអប្បបរមារបស់ពួកគេពី ១០០ពាន់លានគីប ដល់ ៣០០ពាន់លានគីបក្នុងមួយសាខា៕