យោងតាមកាសែត Laotian Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាពលករឡាវ កំពុងសម្រុកចាកចេញពីប្រទេសកំណើតនៅក្នុងចំនួនដ៏ច្រើន ដើម្បីទៅស្វែងរកឱកាសការងារនៅខាងក្រៅប្រទេស ជំនួសវិញ ចំពេលមានការកើនឡើងនៃតម្លៃក្នុងការរស់នៅខ្ពស់ នៅក្នុងស្រុក។
ប្រភពដដែលនេះ បានបង្ហាញទៀតថា វិបត្តិការងារនៅក្នុងប្រទេសឡាវ ត្រូវបានបង្កឡើងជាចម្បង ដោយសារតែកម្មករ នៅតែព្យាយាមស្វែងរកការងារធ្វើនៅប្រទេសដទៃ ក៏ព្រោះតែប្រាក់ឈ្នួលក្នុងស្រុកមានកម្រិតទាប និងការបន្តធ្លាក់ចុះខ្សោយនៃប្រាក់គីបឡាវ ផងដែរ។
ដោយរាប់ចាប់ពីឧស្សាហកម្មផលិតកម្ម រហូតដល់សំណង់ បដិសណ្ឋារកិច្ច និងអាជីវកម្មក្នុងស្រុក សុទ្ធសឹងតែបានរាយការណ៍អំពីកង្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រតិបត្តិការ នៅក្នុងវិស័យសំខាន់ៗទាំងនោះ ។
ពាក់ព័ន្ធជាមួយបញ្ហានេះ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ពលករឡាវ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានធ្វើការអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែ នៅក្នុងប្រទេស ពី ១,៣លានគីប (៦៧ដុល្លារ) ដល់ ១,៦លានគីប (៨៣ដុល្លារ) ដោយគិតចាប់ពីខែតុលាតទៅ ៕