ក្រុមហ៊ុនរបស់អង់គ្លេសមួយ នឹងបើករោងចក្រផលិតសព្វាវុធ នៅប្រទេសអ៊ុយក្រែន

អន្តរជាតិ

ក្រុមហ៊ុនផលិតសព្វាវុធខ្នាតយក្សរបស់ប្រទេសអង់គ្លេស BAE Systems បានបង្កើតនីតិបុគ្គលនៅក្នុងប្រទេសអ៊ុយក្រែន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជួយបង្កើនការផ្គត់ផ្គង់អាវុធដល់ទីក្រុង Kyiv ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BAE លោក Woodburn បាននិយាយថា “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងការបង្កើតនីតិបុគ្គលនៅអ៊ុយក្រែននេះ គឺដើម្បីកសាងលើការជឿទុកចិត្ត និងការគាំទ្រដែលមានស្រាប់របស់យើង ក៏ដូចជាត្រួសត្រាយផ្លូវដើម្បីធ្វើការរួមគ្នា និងផ្តល់ការគាំទ្រដោយផ្ទាល់បន្ថែមទៀតដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ។

ជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ការអភិវឌ្ឍន៍នៃការផលិតអាវុធផ្ទាល់ខ្លួនរបស់យើង គឺជាអាទិភាពកំពូល” ។

សូមជម្រាបថា ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ 2022 មកទល់នឹងពេលនេះ ចក្រភពអង់គ្លេសបានក្លាយជាអ្នកផ្គត់ផ្គង់អាវុធការពារដ៏សំខាន់មួយរបស់អ៊ុយក្រែន៕