ឥស្សរជនដែលកាន់តំណែងកំពូលៗទាំង៣នេះ ត្រូវទទួលបានគោរមងារ «សម្ដេច»

សង្គម​ និង​សេដ្ឋកិច្ច

ឥស្សរជនជាតិជាន់ខ្ពស់ ដែលមានតំណែងជាប្រធានព្រឹទ្ធសភា-ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ផ្ដល់គោរមងារជា «សម្ដេច»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យឡាយព្រះហស្តលេខា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ អង្គព្រះមហាក្សត្រ ទ្រង់យល់ឃើញរដ្ឋធម្មនុញ្ញ និងប្រទេសកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។

ភ្លាមៗ បន្ទាប់ពីអង្គព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់ឲ្យឥស្សរជនកាន់មុខប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី មានងា សម្តេច ព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា កាលពី ថ្ងៃទី២កញ្ញា បានសម្រេចផ្តល់គោរម្យងារសម្តេចមហារដ្ឋសភាធិការធិបតី ជូនលោកជំទាវ ឃួន សុដារី ដែលជាប្រធានរដ្ឋសភាបច្ចុប្នន្ន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី» នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧។

សូមជម្រាបជូនថា នៅប្រទេសកម្ពុជាបច្ចុប្បន្ន ឥស្សរជនដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរម្យងារសម្តេច មានចំនួន ៧រូប រួមមាន៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី, សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

បន្ថែមពីនេះ ក៏មានឥស្សរជនចំនួន៣រូបធ្លាប់ទទួលបានគោរមងារសម្តេច ប៉ុន្តែលោកបានទទួលមរណភាព ដូចជា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា, សម្តេចវិបុលបញ្ញាភក្តី សុខ អាន អតីតរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងសម្ដេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ជា​គោរមងារ​របស់ឯកឧត្តមដែល​ព្រះមហាក្សត្រ​បានផ្ដល់​ឱ្យ​ក្រោយ​ទទួលមរណភាព​កាលពី​ថ្ងៃទី​៥ ខែឧសភា​ ឆ្នាំ២០២២៕