យោងតាមនាយកដ្ឋានបោះឆ្នោតសិង្ហបុរី នៅថ្ងៃសៅរ៍នេះ បានប្រកាសថា លោក Tharman Shanmugaratnam ដែលជាអតីតសមាជិកនៃគណបក្សកាន់អំណាចរបស់ប្រទេសសិង្ហបុរី បានយកឈ្នះការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតី ជាមួយសំឡេងគាំទ្រ ៧០,៤% ។
ជុំវិញការឡើងកាន់តំណែងនេះ ឧកញ៉ាញូវ សូមលើកយកប្រវត្តិទាក់ទងខ្លះៗអំពីលោក Tharman ដូចតទៅ ៖
លោក Tharman បានកើតនៅថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ១៩៥៧ ដែលបច្ចុប្បន្នមានវ័យ ៦៦ ឆ្នាំ ដោយលោកជាកូនម្នាក់ ក្នុងចំណោមបងប្អូនបីនាក់របស់សាស្រ្តាចារ្យ Emeritus K. Shanmugaratnam ដែលជាអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្ត និងត្រូវគេស្គាល់ថាជា “បិតានៃរោគវិទ្យានៅប្រទេសសិង្ហបុរី” ។
លោក Tharman បានបញ្ចប់ការសិក្សាពីសាលាសេដ្ឋកិច្ចពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដោយទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ហើយក្រោយមក លោកបានបន្តការសិក្សានៅមហាវិទ្យាល័យ Wolfson នៃសាកលវិទ្យាល័យ Cambridge ដែលជាកន្លែងលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតទស្សនវិជ្ជាផ្នែកសេដ្ឋកិច្ច។
ក្រោយបញ្ចប់ការសិក្សា លោក Tharman បានចូលបម្រើការជាប្រធាននាយកដ្ឋានសេដ្ឋកិច្ចនៃ MAS។ លុះក្រោយមក លោកបានចូលរួមនៅក្នុងឆាកនយោបាយជាលើកដំបូង នៅក្នុងការបោះឆ្នោតសកល ឆ្នាំ ២០០១ ដោយទទួលបានភាពជោគជ័យ និងបន្តជាប់ឆ្នោតនៅក្នុងសភា ក្នុងការបោះឆ្នោតសកលជាបន្តបន្ទាប់ ក្នុងឆ្នាំ ២០០៦, ២០១១, ២០១៥ និង ២០២០ ។
លោក Tharman បានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៨ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុចន្លោះឆ្នាំ ២០០៧ ដល់ ២០១៥ ជារដ្ឋមន្ត្រីធនធានមនុស្សចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១២ និងរដ្ឋមន្ត្រីគោលនយោបាយសង្គម ចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៣។
ទន្ទឹមនឹងនោះ លោក Tharman ក៏បានធ្វើជាប្រធានគណៈកម្មាធិការរូបិយវត្ថុ និងហិរញ្ញវត្ថុអន្តរជាតិ ដែលជាគណៈកម្មាធិការប្រឹក្សាគោលនយោបាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពីឆ្នាំ ២០១១ ដល់ ២០១៤។
នៅចន្លោះឆ្នាំ ២០១១ ដល់ ២០១៩ លោកក៏បានបម្រើការជាឧបនាយករដ្ឋមន្ត្រីសិង្ហបុរី និងបន្តធ្វើជារដ្ឋមន្ត្រីជាន់ខ្ពស់ ក្នុងគណៈរដ្ឋមន្ត្រី ចន្លោះឆ្នាំ ២០១៩ ដល់ ២០២៣។ ក្នុងពេលជាមួយគ្នានោះ លោកក៏បានដឹកនាំក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាអន្តរជាតិកម្រិតខ្ពស់នានាផងដែរ។
ជម្រាបជូនផងដែរថា លោក Tharman នឹងក្លាយជាប្រធានាធិបតីទីប្រាំបួនរបស់សិង្ហបុរី និងជាមនុស្សទីបីដែលមានដើមកំណើតពីឥណ្ឌា ដែលនឹងត្រូវដឹកនាំរដ្ឋដីកោះនេះ បន្តពីលោកស្រី Halimah Yacob ដែលនឹងបញ្ចប់អាណត្តិរយៈពេលប្រាំមួយឆ្នាំរបស់លោកស្រី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ៕